រាជរដ្ឋាភិបាលបានជំរុញអោយមានការប្រកួតប្រជែងផ្នែកសេវាសាធារណៈក្នុងវិស័យអប់រំនិងសុខាភិបាល

វិទ្យាជាតិកម្ពុជា៖ សេង សុផាន់ណា
ភ្នំពេញ៖រាជរដ្ឋាភិបាលបានជំរុញអោយមានការប្រកួតប្រជែងផ្នែកសេវាសាធារណៈក្នុង វិស័យអប់រំនិងសុខាភិបាលចាប់ពីថ្នាក់មូលដា្ឋនរហូតដល់ថ្នាក់ជាតិ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងប្រសិទ្ធិភាពការងារ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងមុខងារសាធារណៈ” នៅទីស្ដីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី៩ខែមីនានេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិកា និងជាប្រធានគណៈកម្មាការកំណែទម្រង់រដ្ឋបាលបានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ , និងក្រុមកគ្រូពេទ្យក៏ដូចជាអ្នកផ្តល់សេវាសាធារណៈ និងពីសហគមន៍ឱ្យចូលរួម ប្រកួតប្រជែងផ្នែកសេវាសាធារណៈក្នុងវិស័យអប់រំនិងសុខាភិបាលឱ្យបានច្រើន។

ឯកឧត្តមបញ្ជាក់ថា ការប្រកួតប្រជែង និងវាយតម្លៃនេះ អ្នកដែលទទួលបានចំណាត់ថ្នាក់ល្អរាជរដ្ឋាភិបាលនឹងផ្តល់ជូននូវ វិញ្ញាបនប័ត្រមួយ និងថវិកាសម្រាប់លើកទឹកចិត្តផងដែរ។

សំឡេង « រាជរដ្ឋាភិបាល ជំរុញអោយមានការប្រឡងប្រណាំង និងវាយតម្លៃ ពីថ្នាក់ក្រោម ពីស្រុកមកដល់ខេត្ត មកដល់ថ្នាក់ជាតិ នៅក្នុងជាង៥០០ យើងរើសសាលា១០ ដែលជាសាលាគំរូ មានពីលេខ ១ រហូតដល់លេខ ១០ ។ អ្នកដែលជាប់លេខ ១ រាជរដ្ឋាភិបាលរាជរដ្ឋាភិបាលផ្តល់នូវវិញ្ញាបនបត្រទទួលស្គាល់មួយ និងមួយទៀតនឹងផ្តល់ប្រាក់លើកទឹកចិត្ត»។

ឯកឧត្តមយក់ ប៊ុនណា ប្រធានគណៈកម្មាការកំណែទម្រង់រដ្ឋបាលបញ្ជាក់ថា ប្រសិនបើការប្រកួតប្រជែង​ផ្នែកសេវាសាធារណៈក្នុងវិស័យអប់រំនិងសុខាភិបាល នេះទទួលបានជោគជ័យនិងមានការ​គាំទ្រច្រើន​រាជរដ្ឋាភិបាលនឹងពង្រីកកម្មវិធីនេះជាបន្តបន្ទាប់ទៀត៕