សាលាមត្តេយ្យនៅខេត្តបាត់ដំបងបានរួមចំណែកលើកកម្ពស់គុណភាពអប់រំដល់កុមារតូចៗ ប្រកបដោយប្រសិទ្ធភាព

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ
MC ៖ សាលាមត្តេយ្យនៅខេត្តបាត់ដំបងបានរួមចំណែកលើកកម្ពស់គុណភាពអប់រំដល់កុមារតូចៗ ប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យពួកគេក្លាយជាធនធានមនុស្សដ៏មានសក្តានុពលនាពេលអនាគត ។

ក្នុងកម្មវិធីដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានដឹកនាំដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុនហៅកាត់ថា JICA ដើម្បីចុះពិនិត្យមើលគម្រោងបង្កើតបណ្ណាល័យមត្តេយ្យសិក្សាធនធានគំរូ ក្នុងខេត្តបាត់ដំបង លោក យន់ វាសនា ប្រធានអង្គការសន្តិស្ម័គ្រចិត្ត ប្រចាំខេត្តបាត់ដំបង មានប្រសាសន៍ថា ការលើកកម្ពស់សមត្ថភាពកុមារតូចនេះ ធ្វើឡើងតាមរយៈការបង្កើនសមត្ថភាពបង្រៀនកុមារនិងបណ្តុះទម្លាប់នៃការអានតាំងពីនៅវ័យកុមារភាព ។
លោកបន្តថា ដោយសារអគារសិក្សាថ្នាក់មត្តេយ្យ មានការខ្វះខាត ហើយគ្រូបង្រៀនមត្តេយ្យសិក្សា ក៏នៅមានការខ្វះខាតជាច្រើន និងសាលាខ្លះត្រូវយកគ្រូបង្រៀនបឋម មកបង្រៀនសាលាមត្តេយ្យ ចំណែកវិធីសាស្ត្របង្រៀនថ្នាក់ទាំងពីរនេះ គឺវាមានភាពខុសគ្នា ដោយមើលឃើញពីចំណុចខ្វះខាតនេះហើយ ទើបJICA បានសហការជាមួយអង្គការសន្តិស្ម័គ្រចិត្ត និងក្រសួងអប់រំ យុវជន និងកីឡារៀបចំគម្រោងសាងសង់សាលាមត្តេយ្យគំរូ និងសួនកុមារនេះ ដើម្បីលើកកម្ពស់គុណភាពអប់រំ សម្រាប់កុមារតូចឲ្យកាន់តែមានប្រសិទ្ធភាព ជាមួយនឹងការរៀបចំគ្រូបង្រៀនឲ្យបានត្រឹមត្រូវតាមជំនាញផងដែរ ។
សំលេង ៖ អង្គការសន្តិស្ម័គ្រចិត្តសហការជាមួយភ្នាក់ងារ JICA និងក្រសួងការបរទេសជប៉ុនហើយនិងក្រសួង យើងនៅបំពាក់នូវគ្រឿងសង្ហារឹមដែលស្របតាមស្តង់ដារមត្តេយ្យជូនគាត់ ហើយពាក់ព័ន្ធនឹងការងារផងដែរយើងក៏បានផ្តល់នូវវគ្គបំប៉នខ្លីៗសម្រាប់គ្រូបឋមសិក្សាអោយគាត់យល់ដឹងអំពីវិធីសាស្ត្រក្នុងការបង្រៀនថ្នាក់មត្តេយ្យ ។
សូមបញ្ជាក់ថា តាមរយៈគម្រោងជំនួយរបស់JICA បានសាងសង់សាលាមត្តេយ្យគំរូ មានដូចជា ៖ សាងសង់អគារសាលា២ជាន់ មាន៥បន្ទប់ បណ្ណាល័យ១បន្ទប់ បន្ទប់ទឹក១៥បន្ទប់ និងសួនកុមារ និងរៀបចំបន្ទប់បណ្ណាល័យគំរូ ចែកសៀវភៅ គ្រឿងសង្ហារឹម និងសម្ភារៈផ្សេងៗសម្រាប់បណ្ណាល័យជាដើម ៕