ក្រសួងពាណិជ្ជកម្មទប់ស្កាត់ការឡើងថ្លៃទំនិញគ្រប់ប្រភេទពេលដែលក្រសួងសុខាភិបាល​រកឃើញមានអ្នកឆ្លងCovid-19

វិទ្យុជាតិកម្ពុជា៖ លោក ទៀក លឹមជូ

Mc :ក្រសួងពាណិជ្ជកម្ម បានសហការជាមួយស្ថាប័នពាក់ព័ន្ធទប់ស្កាត់ការឡើងថ្លៃទំនិញ​គ្រប់ប្រភេទពេលដែល​ក្រសួង​សុខាភិបាលរកឃើញមានអ្នកឆ្លងCovid-19ដើម្បីចាត់វិធានការសមស្របធានាមិ​នឱ្យប៉ះពាល់​ដល់ជីវភាព​ប្រជាពលរដ្ឋ។

សេចក្តីអំពាវនាវរបស់ក្រសួងពាណិជ្ជកម្មដែលបានផ្សព្វផ្សាយនៅថ្ងៃទី៩ខែមីនានេះ បានឱ្យដឹងថា  ក្រសួងនឹងចាត់មន្ត្រីជំនាញសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះស្រាវជ្រាវ ត្រួតពិនិត្យគុណភាពសុវត្ថិភាពទំនិញ ព្រមទាំងដាក់ចេញនូវវិធានការផ្លូវច្បាប់ ក្នុងករណីរកឃើញជនខិលខូចដែលឆ្លៀតឱកាសលក់ទំនិញឡើងថ្លៃ កេងចំណេញជ្រុលហួសហេតុ ។

ក្នុងពេលជាមួយគ្នានេះដែរ មានហាងលក់ទំនិញមួយចំនួនតូច បានឆ្លៀតឱកាសលក់ដំឡើងថ្លៃទំនិញ ដូចជាម៉ាស់ការពារមុខ អាកុលលាងដៃ និងទំនិញចាំបាច់មួយចំនួនទៀត ដែលសកម្មភាពទាំងនេះអាចបង្កមានចរាចរណ៍ក្នុងសង្គមធ្ងន់ធ្ងរ ។

សភាពការណ៍បែបនេះ កើតមានបន្ទាប់ពីក្រសួងសុខាភិបាលបានប្រកាសក្នុងសន្និសីទសារព័ត៌មានស្ដីពីការឃើញករណីមេរោគខូវី 19 លើបុរសជនជាតិខ្មែរមួយរូបនៅខេត្តសៀមរាប ។

ក្រសួងបានបញ្ជាក់ថា  បរិមាណសន្និធិអង្ករនិងស្រូវមិនទាន់កិន ដែលមានក្នុងប្រទេសអាចធានាដល់ការប្រើប្រាស់ក្នុងស្រុកនិងនាំចេញទៅក្រៅប្រទេសទៀតផង ។

ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋមេត្តារក្សានូវភាពនឹងនរកុំជ្រួលច្របល់ហួសហេតុនាំឱ្យជនឱកាសនិយមអាចឆ្លៀតយកចំណេញ តាមរយៈការលក់ដំឡើងថ្លៃទំនិញដោយមិនសមហេតុផល ។ ម្ចាស់ហាងទំនិញទូទៅ សូមប្រកាន់នូវស្មារតីសាមគ្គីជាតិខ្មែរ កុំឆ្លៀតឪកាសដំឡើងថ្លៃទំនិញស្រេចតែចិត្ត ។

យ៉ាងណាក៏ដោយ ក្រសួងពាណិជ្ជកម្មសង្ឃឹមយ៉ាងមុតមាំថាម្ចាស់ហាងទំនិញ អាជីវករនិងប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តតាមការអំពាវនាវនេះ ក្នុងគោលដែលអនុវត្តច្បាប់ជាធរមានផង នឹងបង្ហាញពីស្មារតីសាមគ្គីជាតិខ្មែរ ខ្មែរជួយខ្មែរក្រោមដំបូលសន្តិភាព៕