គណៈឱសថការីកម្ពុជានឹងចាត់វិធានការក្តៅចំពោះអ្នកលក់ម៉ាសឡើងថ្លៃហួសហេតុ ពេលពិភពលោកកំពុងព្រួយបារម្ភពីcovid-19

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
MC៖គណៈឱសថការីកម្ពុជានឹងចាត់វិធានការក្តៅ ចំពោះអ្នកលក់ម៉ាសឡើងថ្លៃពេលពិភពលោកកំពុងព្រួយបារម្ភពី covid-19 ធ្វើឱ្យប៉ះពាល់ដល់ កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ឱសថការីកម្ពុជា និងប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋក្រីក្រ។
យោងតាមសេចក្តីជូនដំណឹងរបស់គណៈឱសថការីកម្ពុជាដែលបានផ្សព្វផ្សាយនៅថ្ងៃទី៩ខែមីនានេះ បានក្រើនរំលឹកដល់ឱសថការីទទួលបន្ទុកបច្ចេកទេស នៃគ្រឹះស្ថានអាហរ័ណនីហរ័ណ ឱសថ ឱសថស្ថាន ឱសថស្ថានរង “ក” ទាំងអស់មិនត្រូវលក់ម៉ាសថ្លៃហួសហេតុពេកទេ គឺត្រូវលក់ក្នុងតម្លៃសមរម្យអាចទទួលយកបាន។
សេចក្តីជូនដំណឹងបញ្ជាក់ថា ករណីដែលគណៈឱសថការីកម្ពុជាបានរកឃើញថា គ្រឹះស្ថានអាហរ័ណនីហរ័ណ ឱសថ ឱសថស្ថាន ឱសថស្ថានរង “ក” ណាមួយលក់ម៉ាសថ្លៃហួសហេតុ គណៈឱសថការីកម្ពុជានឹងមានវិធានការខាងវិន័យដោយព្យូរសមាជិកភាព ឬលុបឈ្មោះឱសថការីទទួលបន្ទុកបច្ចេកទេសនោះចេញពីបញ្ជីគណៈឱសថការីកម្ពុជាមិនឱ្យបន្តប្រកបវិជ្ជាជីវៈឱសថសាស្រ្ត។
ការប្រកាសនេះឆ្លើយតបទៅនឹងការអំពាវនាវរបស់ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្តីអំពីករណីជំងឺកូវីដ-19(Covid19) កាលពីថ្ងៃទី៧ ខែមីនាឆ្នាំ២០២០ដែលបានសំណូមពរដល់អ្នកលក់ម៉ាសទាំងអស់ កុំលក់ម៉ាសឡើងថ្លៃដើម្បីសម្រួលដល់ប្រជាពលរដ្ឋទាំងអស់ បានលទ្ធភាពទិញម៉ាសសម្រាប់ការពារជំងឺផ្សេងៗ ជាពិសេស covid-19៕