ប្រមុខរាជរដ្ឋាភិបាលកម្ពុជារំពឹងថា ការបើកច្រកទ្វារព្រំដែនកម្ពុជា-ថៃឲ្យទៅជាច្រកអន្តរជាតិអចិន្រ្តៃយ៍ នឹងបង្កើនទំហំពាណិជ្ជកម្មជាមួយថៃ

វិទ្យុជាតិកម្ពុជា ៖ ប៉ុង សុភាវី ០៩ មីនា ២០២០ថៃ
MC៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជារំពឹងថា ការបើកច្រកទ្វារព្រំដែនកម្ពុជា-ថៃឲ្យទៅជាច្រកអន្តរជាតិអចិន្រ្តៃយ៍ នឹងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងទាក់ទាញភ្ញៀវទេសចរអន្ដរជាតិ កាន់តែច្រើន។
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ការបើកច្រកទ្វារព្រំដែនកម្ពុជា-ថៃនឹងជួយសម្រួលដល់ការធ្វើដំណើរ ការធ្វើណិជ្ជកម្ម និងសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរអន្តរជាតិឱ្យមកកម្ពុជាកាន់តែច្រើន។
សំឡេង៖ «ហើយយើងនឹងបន្តការខិតខំ ដើម្បីបើកច្រកតភ្ជាប់រវាងយើងជាមួយនឹងភាគីថៃ។ ដែលខ្ញុំព្រះករុណាខ្ញុំ បានលើកជាមួយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ប៉ុន្មានលើករួចមកហើយ។ ហើយលើកចុងក្រោយនៅពេលដែលយើងទៅសម្ពោធបើកការតភ្ជាប់រវាងរថភ្លើងពីប្រទេសថៃមកកាន់កម្ពុជា ហើយនឹងបន្តបើកការដ្ឋានសាងសង់ នៅច្រកស្ទឹងបត់ នៅខេត្តបន្ទាយមានជ័យ។ ខ្ញុំព្រះករុណាខ្ញុំ បានលើកសំណើរនេះ ជាមួយនឹងភាគីថៃរួចហើយ ហើយសូមឲ្យសម្តេចពិជ័យសេនាទាបាញ់ សម្ដេចក្រឡាហោម ស ខេង ឯកឧត្តម ប្រាក់ សុខុន ដែលសុទ្ធតែជាឧបនាយករដ្ឋមន្ត្រីមួយកាន់ក្រសួងការពារជាតិ ឧបនាយករដ្ឋមន្ត្រីមួយកាន់ក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្ត្រី កាន់ក្រសួងបរទេស។ កាត់ត្រាចចារពេលណាក៏ដោយជាមួយភាគីថៃ កុំភ្លេចនូវអំពីការតភ្ជាប់បើកច្រកព្រំដែនអន្តរជាតិឲ្យទៅជាច្រកព្រំដែនអន្តរជាតិចិន្ត្រៃយ៍ រវាងផ្លូវជាតិលេខ៥៥របស់យើងជាមួយនឹងខាងព្រះរាជាណាចក្រថៃ ដើម្បីភ្ជាប់ខេត្តពោធិ៍សាត់យើងជាមួយនឹងខេត្តរបស់ថៃ។ហើយនេះជាការសម្រួលឲ្យពាណិជ្ជកម្មព្រំដែនរវាងប្រទេសទាំងពីរ។ ទំហំពាណិជ្ជកម្មជាមួយនឹងថៃមានប្រមាណជាង ៧ពាន់លានដុល្លារអាមេរិកតែប៉ុណ្ណោះ។ ប៉ុន្តែបើសិនជាបើកច្រកនេះមួយថែមទៀតទំហំពាណិជ្ជកម្មរបស់យើង និងមានការកើតឡើងរវាងកម្ពុជានិងថៃ ចំនួនទេសចរទៅមករកគ្នា ទាំងទេសចរណ៍កំសាន្ត ទាំងទេសចរណ៍ផ្នែកសុខាភិបាល ក៏នឹងមានការកើនឡើង។ នេះជាការផ្ដល់ផលប្រយោជន៍ទៅវិញទៅមកក្នុងឋានៈជាអ្នកជិតខាងរបស់ភូមិផងរបងជាមួយគ្នា»។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ផ្លូវជាតិលេខ៥៥ មានប្រវែងសរុបជាង ១៨២ គីឡូម៉ែត្រ តភ្ជាប់ពីពោធិ៍សាត់ ឆ្លងកាត់ស្រុកវាលវែង ទៅដល់ថ្មដាព្រំដែនកម្ពុជា-ថៃ។ ផ្លូវនេះចំណាយថវិកាសាងសង់សរុបជាង ១៣២លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ៕