ក្រុមគ្រូពេទ្យជំនាញណែនាំឲ្យស្ត្រីយកចិត្តទុកដាក់ពីសុខភាពពាក់ព័ន្ធនឹងរោគស្ត្រី

វិទ្យុជាតិិកម្ពុជា៖ អត្ថបទ៖ វ៉ាង ភក្តី

ភ្នំពេញ៖  ក្រុមគ្រូពេទ្យជំនាញណែនាំឲ្យស្ត្រីយកចិត្តទុកដាក់ពីសុខភាពពាក់ព័ន្ធនឹងរោគស្ត្រី បច្ចុប្បន្នស្ត្រីកំពុងប្រឈមមុខជាមួយនឹងជំងឺដ៏កាចសាហាវជាច្រើន ដែលកត្តាទាំងនេះគឺបណ្តាលមកពីកខ្វះការយល់ដឹងអំពីវិធីការពារ និងការព្យាបាលអោយបានត្រឹមត្រូវ។

លោកស្រីវេជ្ជបណ្ឌិត អេលីន ផេតឆារ៉ូផាស ជំនាញផ្នែកសម្ភព និងរោគស្ត្រីរបស់ពីប្រទេសថៃ បានលើកឡើងថា ស្ត្រីខ្លួនឯងត្រូវតែមានការយល់ដឹងទាក់ទងទៅនឹងការថែទាំសុខភាពខ្លួនឯងឲ្យបានទូលំទូលាយ ពិសេសត្រូវស្វែងរកការត្រួតពិនិត្យ ការពារ និងព្យាបាលឲ្យបានទាន់ពេលវេលាពាក់ព័ន្ធនឹងជំងឺមហារីកដូចជា៖ មហារីកមាត់ស្បូន មហារីកស្បូន និងមហារីកសុដន់ ជាដើម។
ការណែនាំនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា បានរកឃើញថា អត្រានៃការស្លាប់របស់ស្ត្រីដោយសារជំងឺមហារីកនៅក្នុងឆ្នាំ២០១៧កន្លងទៅ មានដូចជា៖ មហារីកមាត់ស្បូន ចំនួន៧ភាគរយ , មហារីកសុដន់ចំនួន៥ភាគរយ , មហារីកថ្លើម ចំនួន១៣ភាគរយ , មហារីកសួត ចំនួន៧ភាគរយ, មហារីកពោះវៀនធំ ចំនួន២ភាគរយ និងមហារីកស្បូនចំនួន២ភាគរយ។
ថ្លែងក្នុងកម្មវិធីយល់ដឹងពីបញ្ហាសុខភាពស្ត្រីដែលធ្វើឡើងនៅមន្ទីពេទ្យរ៉ូលយ៉ាល់ភ្នំពេញ លោកស្រីវេជ្ជបណ្ឌិត អេលីន កត់សម្គាល់ថា ជំងឺរោគស្ត្រីភាគីច្រើនកើតនៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានកម្ពុជា និងថៃ ដែលនៅពេលខាងមុខអាចមានបញ្ហាប្រឈរមុខច្រើនចំពោះជំងឺមហារីកមាត់ស្បូននេះ។លោកស្រី បានពន្យល់ថា ជំងឺមហារីកមាត់ស្បូនមានរោគសញ្ញាដំបូង គឺមានការធ្លាក់ឈាមខុសពីប្រក្រតី ដូចជាក្រោយពេលស្ត្រីរួមភេទ។
លោកវេជ្ជបណ្ឌិត ដាំរ៉ុង ផាត់តានូម៉ូតាណា អ្នកជំនាញផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានលើកទឹកចិត្តឲ្យស្ត្រីត្រូវទៅពិនិត្យនៅមន្ទីពេទ្យជាដំបូង ព្រោះថាមហារីកទាំងអស់មិនអាចបញ្ជាក់ចេញជារោងគសញ្ញានោះទេ។ លោកថ្លែងថា ការពិនិត្យដំបូងដើម្បីធ្វើការការពារ គឺជាចំណុខសំខាន់។ ជាមួយគ្នានេះ ស្ត្រីទាំងអស់គួរតែទទួលបានការចាក់វ៉ាក់សាំងពួកHPV ដែលជាវាក់សាំងមួយប្រភេទ សម្រាប់ការពារការកើតជំងឺមហារីកមាត់ស្បូន៕