វៀតណាមរាយការណ៍អំពីករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ៨នាក់

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ — យោងតាមក្រសួងសុខាភិបាលវៀតណាមបានឱ្យដឹងថា មានករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ៨ករណី ត្រូវបានបញ្ជាក់នៅក្នុងប្រទេសវៀតណាមកាលពីល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០។

ករណីថ្មីនេះ រួមមាន ៤ករណីនៅក្នុងខេត្ត Quang Ninh ភាគខាងជើង ២ករណីនៅខេត្ត Lao Cai ជាប់ព្រំដែនឡាវ និង ២ករណីទៀតនៅកណ្តាលទីក្រុងដាណាង។

ពួកគេទាំងអស់បានជិះយន្តហោះតាមជើងហោះហើរលេខ VN54 ដែលចេញដំណើរពីទីក្រុងឡុងដ៏ទៅអាកាសយានដ្ឋាន Noi Bai កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ​២០២០ ដែលជាជើងហោះហើរតែមួយនឹងអ្នកជំងឺស្ត្រីម្នាក់ N.H.N ដែលត្រូវបានបញ្ជាក់ថា បានឆ្លងមេរោគ​កូរ៉ូណាវីរុស SARS-CoV-2 កាលពីថ្ងៃទី៦ ខែមីនា។

រហូតមកដល់ពេលនេះ ប្រទេសវៀតណាមបានរកឃើញករណីឆ្លងជំងឺ COVID-19 នេះចំនួន ២៩ករណីហើយ។ ក្នុងនោះមានអ្នកជំងឺចំនួន ១៦នាក់ត្រូវបានព្យាបាលជាសះស្បើយ នឹងបានចេញពីមន្ទីរពេទ្យដោយជោគជ័យ រីឯ១៣នាក់ទៀតកំពុងសម្រាកព្យាបាល។ ពួកគេស្ថិតនៅក្នុងស្ថានភាពសុខភាពមានស្ថិរ    ភាព។

នៅមុននេះបន្តិច ប្រទេសវៀតណាមបានរាយការណ៍ថា បុរសអាយុ ៦១ឆ្នាំម្នាក់នៅទីក្រុងហាណូយ ដែលជាអ្នកធ្វើដំណើរតាម​ជើងហោះហើរដូចគ្នាខាងលើត្រូវបានបញ្ជាក់ថា មានផ្ទុកវីរុសនេះ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)