វៀតណាមគាំទ្រដល់រាល់កិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការរំសាយអាវុធ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ — នៅក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទស្តីពីការរំសាយអាវុធ (CD) ដែលធ្វើឡើងនៅទីក្រុង​ហ្សឺណែវ ប្រទេសស្វីស ជំនួយការរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Quang Hieu បានអះអាងនូវគោល​នយោបាយដ៏​ខ្ជាប់ខ្ជួនរបស់ប្រទេសវៀតណាមក្នុងការគាំទ្រដល់រាល់កិច្ចប្រឹងប្រែង ដើម្បីពន្លឿនការរំសាយអាវុធប្រល័យលោក ជាពិសេស​អាវុធនុយ​ក្លេអ៊ែរ។

នៅក្នុងព្រឹត្តិការណ៍នាថ្ងៃទី៥ ខែមិនា ឆ្នាំ២០២០ ដែលជាផ្នែកមួយនៃសកម្មភាពរបស់លោកដើម្បីចូលរួមសម័យប្រជុំលើកទី៤៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលធ្វើឡើងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៩ លោក Hieu បានសង្កត់ធ្ងន់ថា ប្រទេសវៀតណាមដែលជាសមាជិកនៃសន្ធិសញ្ញាសំខាន់ៗទាំងអស់ ស្តីពីការដកហូតអាវុធបានស្នើគំនិតផ្តួចផ្តើមជាច្រើន នឹងចូលរួមលើកកម្ពស់សកម្មភាពរបស់ CD ជាពិសេសក្នុងអំឡុងពេលដែលប្រទេសនេះបានធ្វើជាប្រធាន CD កាលពីឆ្នាំ ២០១៩។

លោកក៏បានបញ្ជាក់ផងដែរថា ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ​ឆ្នាំ ២០២០-២០២១ និងជាប្រធានអាស៊ាននៅក្នុងឆ្នាំ ២០២០ ប្រទេសវៀតណាមនឹងផ្តល់អាទិភាពដល់ការរំសាយអាវុធ និងការមិនរីក​សាយអាវុធនូវការបំផ្លាញទ្រង់ទ្រាយធំ។

លោកបាននិយាយថា ប្រទេសវៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីសហការជាមួយសមាជិក CD និងដៃគូដទៃទៀត ដើម្បីសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ និងក្នុងពិភពលោក៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)