ក្រសួងអប់រំ ពង្រឹងវិធានការដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីឆ្លើយតបបន្ទាន់ក្នុងការបង្ការជំងឺរលាកសួតដោយកូវីដ-១៩

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
MC៖ ក្រសួងអប់រំ ពង្រឹងវិធានការដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីឆ្លើយតបបន្ទាន់ក្នុងការបង្ការជំងឺរលាកសួតដោយកូវីដ-១៩ នៅតាមអង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡានិងគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ដើម្បីបង្ករនិងទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ១៩ ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជននិងកីឡាបានឲ្យដឹងនៅថ្ងៃទី០៩ ខែ មីនានេះថា ដើម្បីធ្វើការពង្រឹងវិធានការឆ្លើយតបបន្ទាន់ក្នុងការបង្ការជំងឺរលាកសួតដោយកូវីដ-១៩នៅ តាមអង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡានិងគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនបន្ទាប់ពីមានការរកឃើញករណី បុរសជនជាតិខ្មែរមួយរូបមានផ្ទុកមេរោគកូវីដ-១៩ ។ ក្រសួងអប់រំយុវជន និងកីឡា សូមធ្វើការណែនាំដល់គ្រប់អង្គភាពក្រោមឱវាទ មន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនទាំងអស់ ត្រូវមានវិធានការឆ្លើយតបបន្ទាន់ដូចជា អង្គភាពក្រោមឱវាទ ក្រសួងអប់រំ យុវជននិងកីឡា ត្រូវប្រមូលផ្ដុំគ្រប់មធ្យោបាយ និងធនធាន ដើម្បីចូលរួមទប់ស្កាត់ ការឆ្លង”វីរុសកូវីដ១៩ ដោយរៀបចំឱ្យមានសម្ភារៈសម្លាប់មេរោគ ដូចជា អាល់កុល សាប៊ូ ជាដើមសម្រាប់លាងសម្អាតដៃនៅតាមអង្គភាពរបស់ខ្លួន ។ ត្រូវពង្រឹងការអនុវត្តវិធានការអនាម័យជាប់ជាប្រចាំ ដោយលាងសម្អាតដៃជាមួយទឹកស្អាត និងសាប៊ូ ឱ្យបានញឹកញាប់ ពិសេសមុនចាប់កាន់ចំណីអាហារទទួលទាន ឬក្រោយចេញពីបង្គន់ និងត្រូវរៀបចំទឹកស្អាតសម្រាប់ទទួលទានឱ្យបានគ្រប់គ្រាន់ សម្រាប់បុគ្គលិកគ្រប់រូប ។ មន្ទីរអប់រំ យុវជននិងកីឡារាជធានី ខេត្ត ត្រូវចាត់តាំងក្រុមការងារចុះត្រួតពិនិត្យនៅតាមគ្រឹះស្ថានសិក្សា សំដៅពង្រឹងការអនុវត្តសេចក្តីណែនាំបន្ថែមលេខ ១០ អយក.សណន ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ ស្តីពីការអនុវត្តវិធានការបង្ការជំងឺរលាកសួត វីរុសកូវីដ-១៩ និងជំងឺរលាកផ្លូវដង្ហើមដទៃទៀត នៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ឱ្យមានប្រសិទ្ធភាពខ្ពស់ ។ ត្រូវចុះត្រួតពិនិត្យណែនាំក្នុងការរៀបចំឱ្យមានប្រព័ន្ធទឹកស្អាត និងសាប៊ូជាប្រចាំ នៅតាមគ្រឹះស្ថានសិក្សាប្រកបដោយភាពច្នៃប្រឌិតនិងទៅតាមលទ្ធភាពធនធាននៅតាមមូលដ្ឋានរបស់ខ្លួន។
សេចក្តីប្រកាសបានណែនាំឲ្យគ្រឹះស្ថានសិក្សាត្រូវអនុវត្តតាមសេចក្តីណែនាំបន្ថែមលេខ១០អយក.សណន ចុះថ្ងៃទី៥ខែមីនាឆ្នាំ២០២០ ស្តីពីការអនុវត្តវិធានការបង្ការជំងឺរលាកសួតដោយវីរុសកូវីដ១៩ និងជំងឺរលាកផ្លូវដង្ហើមដទៃទៀត នៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ត្រូវរៀបចំឱ្យមានប្រព័ន្ធទឹកស្អាត កន្លែងលាងសម្អាតដៃ និងសាប៊ូជាប្រចាំ នៅតាមគ្រឹះស្ថានសិក្សាដោយច្នៃប្រឌិតទៅតាមលទ្ធភាពជាក់ស្តែងនៅតាមមូលដ្ឋានរបស់ខ្លួន ។ ត្រូវសហការយ៉ាងជិតស្និទ្ធជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីឆ្លើយតបបានទាន់ពេលវេលា ។ ប្រសិនបើមានជនមានរោគសញ្ញាសង្ស័យដូចជា ក្អក កណ្តាស់ ផ្តាសាយ ហៀរសំបោរ ឈឺក្បាល ឈឺបំពង់ក ពិបាកដកដង្ហើម រាគ ឬកួត សូមណែនាំឱ្យទៅទទួលសេវាព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិត ឬទំនាក់ទំនងទៅលេខទូរសព្ទ័ ១១៥ របស់ក្រសួងសុខាភិបាល ៕