សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង
ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី០៩ខែមីនាឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់កម្ពុជា គឺផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ ដែលមានប្រវែងជាង ១៨២គីឡូម៉ែត្រ ។ ផ្លូវជាតិលេខ៥៥នេះ មានតួនាទីយ៉ាងសំខាន់សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញ កសិផលផ្សេងៗ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវជាតិលេខ៥៥ មានប្រវែងសរុបជាង ១៨២ គីឡូម៉ែត្រ តភ្ជាប់ពីពោធិ៍សាត់ ឆ្លងកាត់ស្រុកវាលវែង ទៅដល់ថ្មដា ព្រំដែនកម្ពុជា-ថៃ។ ផ្លូវនេះត្រូវបានសាងសង់ស្របទៅតាមស្តង់ដារផ្លូវថ្នល់កម្រិត៣ នៃបទដ្ឋានបច្ចេកទេសរបស់សាធារណ រដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុប ៩ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) ទទឹង ៨ម៉ែត្រ។
ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងផងដែរថា ផ្លូវនេះចំណាយថវិកាសាងសង់សរុបជាង ១៣២លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ពន្ធអាករផ្សេងៗ និងសួយសារ។ ផ្លូវជាតិលេខ៥៥ ប្រើពេលសាងសង់ ៣៨ខែ ចាប់ពីខែមីនា ឆ្នាំ ២០១៥ ដល់ខែឧសភា ឆ្នាំ២០១៨។
ផ្លូវជាតិលេខ៥៥ អាចចាត់ទុកថាជាផ្លូវដំបូងគេនៅកម្ពុជា ដែលបានសាងសង់បត់បែនឆ្លងកាត់តាមគិរីបុព្វតា និងព្រៃព្រឹក្សាខ្ពស់ទាបតាមជួរភ្នំក្រវ៉ាញ បង្កើតបានទៅជាផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាតគួរជាទីគយគន់ និងចាប់អារម្មណ៍បំផុត។
ទន្ទឹមនឹងការដាក់ឱ្យដំណើរការផ្លូវជាតិលេខ៥៥ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម វ៉ាង វិនធៀន ក៏បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែថ្មីទៀត គឺផ្លូវជាតិលេខ១០។ ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង់ ឆ្លងវាលវែង អូរសោម ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង មានប្រវែងសរុបជាង ១៩៨ គីឡូ ម៉ែត្រ។ ផ្លូវនេះ នឹងត្រូវសាងសង់ស្របទៅតាមស្តង់ដារ ផ្លូវថ្នល់កម្រិត៣ នៃបទដ្ឋានបច្ចេកទេសរបស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុប ៩ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) ទទឹង ៨ម៉ែត្រ។
ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ផ្លូវជាតិលេខ១០ ចំណាយថវិកាសរុបប្រមាណជាង ១៨៨លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ពន្ធអាករផ្សេងៗ និងសួយសារ។
ឯកឧត្តមរដ្ឋមន្ត្រី ឲ្យដឹងថា ផ្លូវមួយខ្សែនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corp oration) និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវ វ៉ានអាន  (Guangzhou Wanan Construction Supervision Co., Ltd) ដោយប្រើប្រាស់រយៈ ពេលសាងសង់ចំនួន ៤៨ខែ គិតចាប់ពីខែធ្នូ ឆ្នាំ ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ផ្លូវជាតិលេខ៥៥ ដែលបើកសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ និងផ្លូវជាតិលេខ១០ ដែលបើកការដ្ឋានសាងសង់ គឺជាខ្សែផ្លូវនៃសរសៃឈា មសេដ្ឋកិច្ចជាតិ ដ៏មានសក្តានុពលរបស់កម្ពុជា។
ឯកឧត្តមបញ្ជាក់ទៀតថា ផ្លូវទាំងពីរខ្សែនេះ នឹងជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ រវាងខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង ក៏ដូចជាការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ សំដៅចូលរួមចំណែកលើកកម្ពស់ប្រសិទ្ធភាព នៃការ ដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍ បានឆាប់ រហ័ស និងចំណាយតិច។ ជាពិសេសជាមួយប្រទេសជិតខាង តាមរយៈច្រកទ្វារព្រំដែនកម្ពុជា -ថៃ នៅថ្មដា ខេត្តពោធិ៍សាត់ នៅចាំយាម ខេត្ត កោះកុង និងកំពង់ផែសមុទ្រទឹកជ្រៅនៅខេត្តព្រះសីហនុ និងខេត្តកោះកុង៕