ក្រសួងសុខាភិបាលបង្ហាញពីការខិតខំព្យាបាលបុរសខ្មែរដែលឆ្លងខូវីដ១៩យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីអោយអ្នកជម្ងឺឆាប់ជាសះស្បើយ និង​មានសុខភាពល្អប្រសើរឡើងវិញ

វិទ្យុជាតិកម្ពុជា​៖

លោកជំទាវឱ វណ្ណឌីនរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងនៅរសៀលថ្ងៃទី៨ខែមីនានេះថា ក្រសួងសុខាភិបាលសហការជាមួយអង្គការ សុខភាពពិភពលោក ក្នុងការព្យាបាលបុរសខ្មែរដែលឆ្លងខូវីដ១៩ ប្រកបដោយការយកចិត្តទុកដាក់តាមក្បួនវេជ្ជសាស្រ្តត្រឹមត្រូវ ដើម្បីធានាអោយបុរសរូបនោះឆាប់ជាសះស្បើយពីជម្ងឺនិងមានសុខភាពល្អប្រសើេរឡើងវិញ។ លោកជំទាវរដ្ឋលេខាធិការបានថ្លែងប្រាប់វិទ្យុជាតិកម្ពុជាដូច្នេះ ដើម្បីឆ្លើយតបទៅនឹង ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន ដែលបានផ្សព្វផ្សាយព័ត៌មាននិងចែករំលែកព័ត៌មានមិនពិតជុំវិញការព្យាបាលអ្នកជម្ងឺឆ្លងខូវីដ១៩។
លោកជំទាវបានអះអាងថា គ្មានករណីអ្នកជម្ងឺខូវីដ១៩រត់ចេញពីមន្ទីរពេទ្យ ហើយក៏គ្មានករណី ក្រុមគ្រូពេទ្យចាក់ថ្នាំសម្លាប់អ្នកជម្ងឺដែលឆ្លងខូវីដ១៩ដែរ ដូច្នេះសូមប្រជាពលរដ្ឋកុំជឿលើការផ្សាយព័ត៌មានពិត ពីក្រុមអគិតិជ្រុលនិយមចង់បង្កាច់បង្ខូចលើក្រសួងសុខាភិបាល និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការឆ្លើយតបអន្តរាគមន៍ជួយសង្គ្រោះអ្នកជម្ងឺនិងទប់ស្កាត់ការរីករាលដាលខូវីដ១៩នៅកម្ពុជា។
លោកជំទាវបានណែនាំអោយប្រជាពលរដ្ឋត្រូវចេះផ្ទៀងផ្ទាត់ប្រភពព័ត៌មានអោយបានត្រឹមត្រូវ ហើយ
កុំមានការព្រួយបារម្ភនិងតក់ស្លុតចំពោះការកើត ឡើងនៃជំងឺនេះនៅកម្ពុជា ខណៈដែលក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានយកចិត្តទុកដាក់យ៉ាងខ្លំាងក្នុងការដោះស្រាយទប់ស្កាត់ និងព្យាបាលជម្ងឺនេះប្រកបដោយ ប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះប្រជាពលរដ្ឋត្រូវបង្កើនការថែរក្សាអនាម័យកម្រិតខ្ពស់ឲ្យបាន ជាប់ជាប្រចាំ នៅពេលមានករណីមិនប្រក្រតីណាមួយកើតឡើងពាក់ព័ន្ធនឹងសុខភាពត្រូវរួសរាន់ មកកាន់មន្ទីរពេទ្យកឬទូរសព្ទមកកាន់ទូរសព្ទទាន់ហេតុការ ដើម្បីបានដឹងពីព័ត៌មានច្បាស់លាស់ ពាក់ព័ន្ធជម្ងឺខូវីត១៩។
សូមបញ្ជាក់ថា មកដល់ពេលនេះកម្ពុជាបានរកឃើញ២ករណីហើយដែលឆ្លងខូវីដ១៩ ខណៈមួយករណីកើតលើជនជាតិខ្មែរ និងមួយករណីទៀតនៅលើខ្លួនជនជាតិចិនម្នាក់ដែលធ្វើដំណើរពីក្រុងវូហាន ប្រទេសចិន ចូលមកកាន់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា ហើយជនជាតិចិនម្នាក់នោះត្រូវបានព្យាបាលជាសះស្បើយ ហើយអនុញ្ញាតឲ្យចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិនវិញដែរ។