ក្រសួងសុខាភិបាលបន្តស្រាវជ្រាវអ្នកដែលអ្នកដែលមានប្រវត្តិប្រាស្រ័យទាក់ទងជាមួយជនជាតិជប៉ុន និងខ្មែរដែលឆ្លងវីរ៉ុសខូវីដ១៩

វិទ្យុជាតិកម្ពុជា៖លោក ហុក សុខរិន
MC៖ ក្រសួងសុខាភិបាលបង្កើនការតាមដានស្រាវជ្រាវបុគ្គលដែលជាប់ពាក់ព័ន្ធជិតស្អិតជាមួយ បុរសជនជាតិជប៉ុនដែលមានករណីឆ្លងវីរ៉ុសខូវីដ១៩ថ្មីបន្ថែមទៀត ខណៈដែលការធ្វើតេសបាន រកឃើញបុរសជនជាតិខ្មែរម្នាក់បានឆ្លងវីរ៉ុសកូវីត១៩ ជាលើកដំបូងនៅកម្ពុជា។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី៧ ខែមីនា ឯកឧត្តមម៉ម ប៊ុនហេង រដ្ឋមន្រ្តី ក្រសុខាភិបាលបានឲ្យដឹងថា តាមរយៈលទ្ធផលនៅវេលាម៉ោង១២ និង៥០នាទីនៅថ្ងៃទី៧ ខែមីនានេះ ក្រសួងបានរកឃើញ បុរសជនជាតិខ្មែរអាយុ៣៨ឆ្នាំម្នាក់បានឆ្លងវីរ៉ុសខូវីដ១៩ថ្មី ក្នុងចំណោម ជនសង្ស័យចំនួន៣នាក់ទៀតដែលនៅជិតស្អិតបំផុតជាមួយនឹងបុរសជប៉ុនដែលមានវីរ៉ុសខូវីដ ១៩។ ឯកឧត្តមបញ្ជាក់ថា បុរសជនជាតិខ្មែរដែលឆ្លងវីរ៉ុសខូវីដ១៩នេះ ត្រូវបាន ដាក់ឲ្យនៅដាច់ដោយឡែកដោយយកចិត្តទុកដាក់ក្នុងការព្យាបាល ខណៈចំនួនបុគ្គល៣នាក់ទៀតក៏បានដាក់ឲ្យនៅដាច់ដោយឡែក ហើយបន្តតាមដានសុខភាពរបស់ពួកគេឲ្យបានជាប់ជាប្រចាំរហូតដល់ផុត១៤ថ្ងៃ។
ឯកឧត្តមបានបញ្ជាក់ថា ក្រសួងសុខាភិបាលកំពុងស្រាវជ្រាវតាមដានរកបុគ្គលពាក់ព័ន្ធ ដ៏ទៃទៀតដែលមានប្រវត្តិជាប់ពាក់ព័ន្ធជាមួយបុរសជនជាតិជប៉ុន និងខ្មែរដែលបានឆ្លងវីរ៉ុសខូវីដ ១៩នេះ ដើម្បីយកមកពិនិត្យសុខភាព ក្នុងវិធានការទប់ស្កាត់ការរីករាលដាលការចម្លងថ្មីៗបន្ត ទៀត។
ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការព្រួយបារម្ភនិងតក់ស្លុតចំពោះការកើត ឡើងនៃជំងឺនេះនៅកម្ពុជា ខណៈដែលក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានយកចិត្តទុកដាក់យ៉ាងខ្លំាងក្នុងការដោះស្រាយទប់ស្កាត់ និងព្យាបាលជម្ងឺនេះប្រកបដោយ ប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះប្រជាពលរដ្ឋត្រូវបង្កើនការថែរក្សាអនាម័យកម្រិតខ្ពស់ឲ្យបាន ជាប់ជាប្រចាំ នៅពេលមានករណីមិនប្រក្រតីណាមួយកើតឡើងពាក់ព័ន្ធនឹងសុខភាពត្រូវរួសរាន់ មកកាន់មន្ទីរពេទ្យកឬទូរសព្ទមកកាន់ទូរសព្ទទាន់ហេតុការ ដើម្បីបានដឹងពីព័ត៌មានច្បាស់លាស់ ពាក់ព័ន្ធជម្ងឺខូវីត១៩។
សូមបញ្ជាក់ថា នេះជាករណីទី២ហើយដែលកម្ពុជាបានរកឃើញជម្ងឺខូវីដ១៩នៅកម្ពុជា ខណៈមួយករណីកើតលើជនជាតិខ្មែរ និងមួយករណីទៀតនៅលើខ្លួនជនជាតិចិនម្នាក់ដែលធ្វើដំណើរពីក្រុងវូហាន ប្រទេសចិន ចូលមកកាន់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា ហើយជនជាតិចិនម្នាក់នោះត្រូវបានព្យាបាលជាសះស្បើយ ហើយអនុញ្ញាតឲ្យចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិនវិញដែរ៕