ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េចែកម៉ាស់ (ស្តង់ដាNF94) ដំណាក់កាលទី១ចំនួន ១ពាន់ម៉ាស់ និងទឹកលាងដៃចំនួនប្រមាណ ៣ពាន់ ដបតូច ជូនដល់សហគមន៍ខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅប្រទេសកូរ៉េ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

រាជធានីភ្នំពេញ​៖​ មន្ត្រី​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ បាន​អោយ​ដឹង​ថា​ បន្ទាប់ពីបានបង្កើតក្រុមការងារពិសេសចំពោះកិច្ច សម្រាប់តាមដាន និងរាយការណ៍ អំពីមេរោគ COVID-19 នៅប្រទេសកូរ៉េ ដែលផ្តោតការយកចិត្តទុកដាក់ជាអាទិភាពពីសុខមាលភាពរបស់ប្រជាពលរដ្ឋខ្មែរជាចំបង និងបន្ទាប់ពីទទួលបានការឧបត្ថមពីសប្បុរសជននានាទាំងក្នុងនិងក្រៅប្រទេស នៅថ្ងៃទី៧ ខែមីនា ឆ្នាំ ២០២០ នេះ ក្រុមការងារបានរៀបចំវេចខ្ចប់ម៉ាស់ចំនួន ១០០០ម៉ាស់ និងទឹកលាងដៃចំនួនជិន ៣០០០ ពាន់ ដែលមានគុណភាពខ្ពស់ នូវដំណាក់កាលទី១ ដោយឥតគិតថ្លៃ ដើម្បីផ្ញើជូនដល់សហគមន៍ខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅប្រទេសកូរ៉េ ជាពិសេសនៅតំបន់ថេហ្គូ និងខេត្តខ្យងសាង ជាអាទិភាព ដោយសារតែជាតំបន់ដែលមានការរីករាលដាលខ្លាំង។ នីតិវិធីងាយៗក្នុងការស្នើសុំម៉ាស់ពីស្ថានទូតគឺគ្រាន់តែផ្ញើ ឈ្មោះ, លេខទូរស័ព្ទ, អាសយដ្ឋាន និងអត្តសញ្ញាណប័ណ្ឌ(ID Card) មកទំព័រហ្វេសប៊ុករបស់ស្ថានទូត ឬក្រុមការងារពិសេសចំពោះកិច្ចណាមួយរបស់ស្ថានទូតជាការស្រេច។

​ មន្ត្រី​ដដែល​ បាន​អោយដឹងទៀតថា​ ស្ថានទូតកម្ពុជាបាននឹងកំពុងធ្វើការទាក់ទងទិញម៉ាស់បន្ថែមទៀត ដើម្បីផ្គត់ផ្គង់តាមតម្រូវការចាំបាច់បឋម និងបន្ដស្វែងរកជំនួយសប្បុរសជននានាដើម្បីជួយឧបត្ថមដល់សហគមន៍ខ្មែរនៅប្រទេសកូរ៉េដែលជួបការលំបាកក្នុងការរកទិញម៉ាស់ដើម្បីប្រើប្រាស់ក្នុងកាល:ទេស:ដ៏ប្រឈមនេះ។

ឆ្លៀតក្នុងឱកាសនេះ ស្ថានទូតកម្ពុជាសូមថ្លែងអំណរគុណដល់សប្បុរសជននានា និងសមាជិកក្រុមការងារពិសេសចំពោះកិច្ចដែលបានជួយឧបត្ថមគាំទ្រ និងចូលរួមសហការបង្កលក្ខណៈ ដើម្បីជួយគាំពារដល់សហគមន៍ខ្មែរនៅប្រទេសកូរ៉េ ទទួលបានសុខសុវត្ថិភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត។​