មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធជួយទប់ស្កាត់បញ្ហាគ្រឿងញៀននៅ តាមគ្រឹះស្ថានសិក្សា

វិទ្យុជាកម្ពុជា៖ លោក ហុក សុខរិន
MC៖ មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធជួយទប់ស្កាត់បញ្ហាគ្រឿងញៀននៅ តាមគ្រឹះស្ថានសិក្សា ដើម្បីការពារសុវត្ថិភាព និងសុខុមាលភាពរបស់សិស្សានុសិស្សកុំឲ្យពាក់ ព័ន្ធនឹងបញ្ហាគ្រឿងញៀន។
ថ្លែងសិក្ខាសាលាផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ក្រោមកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រៃវែង នៅវិទ្យាល័យមេសាងលោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិង កីឡាបានមានប្រសាសន៍ថា ការរួមគ្នាបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន នៅតាមគ្រឹះស្ថានសិក្សានេះ ដើម្បីឲ្យសាលារៀនឱ្យក្លាយជាតំបន់សុខសាន្ត សុខសុវត្ថិភាពនិងជាមជ្ឈដ្ឋានដែលគ្មានគ្រឿងញៀន ដើម្បីអនាគតបវររបស់កូនចៅយើង។
លោកជំទាវអនុរដ្ឋលេខាធិការបានប្រសាសន៍ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព សមធម៌ និងគោរពគោលការណ៍បរិយាបន្ន រៀនដើម្បីធ្វើការបានគ្រប់គ្នារួមទាំងជនពិការផងដែរ ហើយធនធានមនុស្សគឺជាកត្តាចលករអភិវឌ្ឍន៍ជាតិ ។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទាបានមានប្រសាសន៍ថា បញ្ហាគ្រឿងញៀន គឺជាបញ្ហាប្រឈមចម្បងមួយបំផ្លាញធនធានមនុស្ស បង្កអំពើហិង្សា និងឧក្រិដ្ឋកម្ម បាត់សណ្តាប់ធ្នាប់សង្គម បំផ្លាញសេចក្តីសុខនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ លោកបានអៈអាងថា យុវជន យុវនារីដែលមិនពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនគ្រប់ប្រភេទគឺយុវជន-យុវនារីល្អ កូនល្អ សិស្សល្អនិងជាពលរដ្ឋល្អ ដែលត្រូវជួយគាំទ្រកំចាត់គ្រឿងញៀន៕