មន្ត្រីក្រសួងសុខាភិបាល បន្តអំពាវនាវដល់ប្រជាពលរដ្ឋត្រូវថែរក្សាសុខភាពអនាម័យឲ្យបានល្អ ដើម្បីការពារពីការឆ្លង ជម្ងឺCOVID-19

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា ០៦.៣.២០២០
MC៖ មន្ត្រីក្រសួងសុខាភិបាល បន្តអំពាវនាវដល់ប្រជាពលរដ្ឋត្រូវថែរក្សាសុខភាពអនាម័យឲ្យបានល្អ ដើម្បីការពារពីការឆ្លង ជម្ងឺCOVID-19 ខណៈ ជំងឺនេះ នៅតែបន្តកើតមានឡើងនៅតាមបណ្តាប្រទេសមួយចំនួននៅឡើយ។

មន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកសារជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងអ្នកធ្វើដំណើរ ត្រូវការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវចេះថែរក្សាសុខភាពផ្ទាល់ខ្លួនផងដែរ។
លោកស្រី វេជ្ជ បណ្ឌិត ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពក្រសួងសុខាភិបាល មានប្រសាសន៍នៅក្នុងកម្មវិធីជីវិតយើងសង្គមយើង ថា ការលាងដៃបានត្រឹមត្រូវពិតជាជួយឲ្យយើងកាត់បន្ថយជម្ងឺថ្មីៗនាពេលបច្ចុប្បន្ននេះ ។ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋ ត្រូវអនុវត្តនូវវិធានការណ៍ទប់ស្កាត់ជម្ងឺCOVID-19នេះ ដោយជៀសវាងប៉ះពាល់ជិតស្និទ្ធ ជាមួយអ្នកមានជំងឺផ្លូវដង្ហើម ដូចជាគ្រុនក្តៅ ក្អក និងកណ្តាស់ ឬផ្តាសាយ, ត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាត ឬអាល់កុលហ្សែល។
លោកស្រីបានបន្តទៀតថា ការប្រុងប្រយ័ត្នរួមមាន អនាម័យដៃជាប្រចាំដោយលាងសំអាតឲ្យបានញឹកញាប់ជាមួយនិងសាប៊ូ និងទឹកស្អាត ឬអាល់កុលសម្រាប់លាងដៃ ឬទឹកជេលលាងដៃ ខ្ទប់មាត់ និងច្រមុះនៅពេលក្អក និងកណ្តាស់ ដោយប្រើម៉ាស់ កន្សែង ក្រម៉ា ឬក្រដាសជូតមាត់ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ។
សំលេង «ការលាងដៃនេះបើយើងស្តាប់ទៅវាសាមញ្ញាណស់ប៉ុន្តែលឺយូរណាស់មកហើយ ប៉ុន្តែបើអនុវត្តន៍វិញវាពិតជាពិបាកណាស់ រហូតមកដល់ពេលនេះ។ ការលាងដៃរបស់យើងតាមការទិន្នន័យតាមការមើលឃើញមានការប្រសើរឡើងដោយឃើញប្រជាជន របស់យើងមានការយល់ដឹងច្រើនមានសារៈប្រយោជន៍ក្នុងការលាងដៃនេះ ។ហើយក៏ចាប់ផ្តើមធ្វើកិច្ចការនេះដែរ ជាពិសេសបច្ចុប្បន្ននេះដោយសារមានជម្ងឺCOVID-19វិធីសាស្ត្រការពារចំបងសំខាន់មួយក្នុងការពារជម្ងឺថ្មីនេះក្នុងការលាងដៃផងដែរ។បងប្អុនគាត់មានការយល់ដឹងដោយ សារការលាងដៃនេះជួយទៅពួកគាត់ ប៉ុន្តែមានការលាងដៃឲ្យបានត្រឹមត្រូវ យើងដុសនៅបាតដៃយើង នៅចន្លោះម្រាមដៃខ្នងដៃកដៃផងដែរដុសរយៈពេល៤០វិនាទីជាជម្រើសនៃការលាងដៃបានត្រឹមត្រូវ យើងអាចការពារពីសុខភាពបានហើយ»។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាល ក៏បានផ្សព្វផ្សាយដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ រួមទាំងអាជ្ញាធរ ថ្នាក់ក្រោមជាតិ មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលទាំង២៥រាជធានី-ខេត្ត ឲ្យធ្វើការអប់រំបង្ការCOVID-19 នៅតាមសហគមន៍ និងត្រៀមលក្ខណៈជាស្រេចក្នុងការឆ្លើយតប និងផ្តល់អន្តរាគមន៍ជាបន្ទាន់ បើមានករណីសង្ស័យ ៕