អូស្រ្តាលីបញ្ជាឱ្យបិទសាលារៀនមួយបន្ទាប់ពីរកឃើញថាមានសិស្សម្នាក់ផ្ទុក COVID-19

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
រដ្ឋាភិបាលអូស្រ្តាលីបានបញ្ជាឱ្យបិទសាលារៀនមួយកន្លែង នៅតំបន់ស៊ីដនីខាងជើង (North Sydney) បន្ទាប់ពីមានសិស្សអាយុ ១៦ ឆ្នាំម្នាក់ត្រូវបានគេធ្វើតេស្ត៍រកឃើញវីរុស COVID-19 ខណៈដែលអាជ្ញាធរកំពុងព្យាយាមទប់ស្កាត់ការរីករាលដាលជំងឺនេះនៅក្នុងប្រទេស។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia។
អាជ្ញាធរសុខាភិបាលអូស្រ្តាលីបានឲ្យដឹងទៀតថា ក្មេងប្រុសអាយុ ១៦ ឆ្នាំនៅទីក្រុងស៊ីដនី ដែលជាទីក្រុងធំបំផុតរបស់អូស្ត្រាលីបានក្លាយជាមនុស្សចុងក្រោយ មានផ្ទុក COVID-19។
លោក Brad Hazzard រដ្ឋមន្ត្រីសុខាភិបាលនៅរដ្ឋញ៉ូសាវែល បានអះអាងថា ដើម្បីបង្ការការរីករាលដាល វីរុស COVID-19 រដ្ឋាភិបាលបានបញ្ជាឱ្យបិទវិទ្យាល័យ Epping Boys នៅភាគខាងជើងនៃទីក្រុង យ៉ាងហោចណាស់ក៏មួយថ្ងៃដែរ ដើម្បីធានាដល់បុគ្គលិកសាលា និងសិស្សប្រមាណជិត ១២០០ នាក់។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នអ្នកដែលបានឆ្លង COVID-19 នៅអូស្ត្រាលីមានសរុប ៦០ករណី ខណៈមាន ០២នាក់បានបាត់បង់ជីវិត៕
ប្រភព៖សារព័ត៌មាន Channel News Asia