អូរសំខាន់ៗ៥ នៅក្រុងព្រះសីហនុប្រវែងជិត៣ម៉ឺនមែត្រ សម្រេចការស្តារឡើងវិញជិត៥៦ភាគរយ

MC: ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា អូរសំខាន់ៗ៥ នៅក្រុងព្រះសីហនុប្រវែងជិត៣ម៉ឺនមែត្រ សម្រេចការស្តារឡើងវិញជិត៥៦ភាគរយហើយ ដោយចំនួនដែលនៅសេសសល់កំពុងពន្លឿនការស្តារដើម្បីឲ្យចប់រួចរាល់នៅរដូវវស្សាខាងមុខនេះ។

តាមការបញ្ជាក់របស់ឯកឧត្ដម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា អូរទាំង៥នេះមាន៖ អូរអណ្ដូងអ៊ុនតាក់ ប្រវែង ៣,១១៦ម៉ែត្រ អូរស្ពានឆេះប្រវែង ១,១៧០ម៉ែត្រ អូរសំអាតប្រវែង ៣,៧៧៥ម៉ែត្រ អូរអេម៉ារីអូប្រវែង ១,៩០៦ម៉ែត្រ និងអូរឈើទាលប្រវែង ១៩,៨២៤ម៉ែត្រ ដោយគិតត្រឹមខែមីនា ឆ្នាំ២០២០នេះ ការងារស្ដារសម្រេច បានប្រវែង ១៦,៦៧០ម៉ែត្រ ស្មើនឹង៥៥.៩៦ភាគរយហើយ ចំណែកឯការងារដែលនៅសេសសល់ ក្រសួង នឹងសហការជាមួយអាជ្ញាធរដែនដី ដើម្បីពន្លឿនការងារស្ដារឲ្យបានចប់សព្វគ្រប់នៅមុនរដូវភ្លៀងធ្លាក់មកដល់។

ឯកឧត្តម មានប្រសាសន៍ថា ក្រុមការងាររបស់ក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូន បានសហការជាមួយអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដី បាននឹងកំពុងដោះស្រាយផលប៉ះពាល់ និងស្ដារអូរក្នុងក្រុងព្រះសីហនុ យ៉ាងមមាញឹក សំដៅពន្លឿនការ ស្ដារឲ្យបាបានរួចរាល់មុនរដូវភ្លៀងធ្លាក់ ដើម្បីការពារជន់លិចលង់ដោយសារជំនន់ទឹកភ្លៀង នៅតាមតំបន់ ងាយរងគ្រោះនៅក្នុងក្រុងនោះ ក៏ដូចជារៀបចំប្រព័ន្ធប្រឡាយទឹកនៅទីក្រុងមួយនេះឱ្យមានបរិស្ថានស្អាត និងអនាម័យល្អ។
សូមបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានគ្រោងថវិកាប្រមាណ១០ពាន់លានរៀល សម្រាប់ចំណាយ
លើការស្តារអូរ និងប្រឡាយទាំង៥ខ្សែនេះ ដើម្បីបើកមុខ ទឹកនិងដោះស្រាយជំនន់ទឹកភ្លៀង ខណៈក្នុងក្រុងបាននឹងកំពុងខិតខំក្នុងការកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងការពង្រីកប្រព័ន្ធលូ និងតម្រូវការហេដ្ឋារចនាសម្ព័ន្ឋរូបវន្តផ្សេងទៀត។
យោងតាមសេចក្តីព្រាងផែនការមេដែលសិក្សាដោយរាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុនឯកជនមួយមកពីប្រទេសចិន បានប៉ាន់ប្រមាណថា បរិមាណទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ នឹងមានបរិមាណប្រមាណ៤ម៉ឺន៧ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ នៅឆ្នាំ២០២៣ និងប្រមាណ៦ម៉ឺន៤ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ នៅឆ្នាំ២០៣០ ខណៈបច្ចុប្បន្ន បរិមាណនេះបានកើនដល់៣ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ៕
អត្ថបទ៖ វ៉ាង ភក្តី ០៦ ០៣ ២០២០