ចំនួនអ្នកឆ្លង COVID-19 នៅកូរ៉េខាងត្បូងកើនដល់ ៦,២៨៤ករណី

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
កូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃសុក្រនេះថា បានរកឃើញអ្នកឆ្លងថ្មីនៃមេរោគ COVID-19 ១៩៦នាក់បន្ថែមទៀត នាំឲ្យចំនួននៃការឆ្លងសរុបកើនដល់ ៦,២៨៤នាក់ នៅទូទាំងប្រទេស។នេះបើតាមការចេញផ្សាlយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃ ទី០៦ ខែមីនា ឆ្នាំ ២០២០។
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ (KCDC) បានឲ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើ ភាគច្រើននៅក្រុងដេហ្គូ(Daegu) ស្ថិតនៅភាគអាគ្នេយ៍ ដែលជាកន្លែងផ្ទុះជំងឺនេះ និងនៅខេត្តគ្យុងសាងខាងជើង។អាជា្ញធរសុខាភិបាលបានបន្តថា ក្រៅពីករណីឆ្លងថ្មីខាងលើនេះ ក៏មានករណីអ្នកស្លាប់ដោយជំងឺ COVID-19 ចំនួន ៧នាក់បន្ថែមទៀត នាំឲ្យអ្នកដែលបានបាត់បង់ជីវិតសរុបនៅទូទាំងប្រទេសកើនដល់ ៤២ នាក់។
សូមបញ្ជាក់ថា ភាគច្រើននៃចំនួនអ្នកឆ្លង COVID-19 គឺពាក់ព័ន្ធនឹងព្រះវិហារគ្រិស្ត ស៊ីនជុនជី (Shincheonji) ក្នុងទីក្រុងដេហ្គូDaegu ដែលជាទីក្រុងធំទី ៤ របស់កូរ៉េខាងត្បូងមានប្រជាជន ២.៥លាននាក់ ដែលក្នុងចំណោមអ្នកស្លាប់ទាំង ៤២នាក់នោះ គឺជាមនុស្សមានវ័យចំណាស់៕
ប្រភព៖សារព័ត៌មាន Channel News Asia