រុស្ស៊ី និងតួកគីព្រមព្រៀងគ្នាលើបទឈប់បាញ់នៅក្នុងតំបន់អ៊ីដលីបរបស់ប្រទេសស៊ីរី

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ — កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសរុស្ស៊ី និងប្រទេសតួកគីបានព្រមព្រៀងគ្នា ស្តីពីបទឈប់បាញ់គ្នានៅ​ក្នុងតំបន់ដែលមានការកើនឡើងនៅក្នុងខេត្តអ៊ីដលីបភាគពាយព្យប្រទេសស៊ីរី បន្ទាប់ពីកិច្ចពិភាក្សារវាងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និងសមភាគីតួកគី គឺលោក Recep Tayyip Erdogan ដែលមាន រយៈពេលប្រហែល ៦ ម៉ោង។

យោងតាមពិធីសារដែលបានអានបន្ទាប់ពីកិច្ចពិភាក្សារបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឱ្យដឹងថា បទឈប់បាញ់គ្នានេះ ចាប់ផ្តើមមានប្រសិទ្ធិភាពចាប់ពីម៉ោង 00:01នាទី ថ្ងៃសុក្រនេះតទៅ។

ប្រទេសរុស្ស៊ី និងតួកគី ក៏បានព្រមព្រៀងគ្នាបង្កើតច្រករបៀងសុវត្ថិភាពមួយដែលមានចម្ងាយ ៦គីឡូម៉ែត្រពីខាងជើង និង ៦គីឡូម៉ែត្រពីភាគខាងត្បូង ចេញពីផ្លូវល្បឿនលឿន M4 ដែលភ្ជាប់តំបន់ Aleppo  នៅភាគខាងជើងប្រទេសស៊ីរី ជាមួយទីក្រុង Latakia នៅភាគពាយព្យ។

ពិធីសារនេះបាននិយាយថា ប៉ារ៉ាម៉ែត្រជាក់លាក់នៃដំណើរការច្រករបៀងសុវត្ថិភាពនឹងត្រូវបានព្រមព្រៀងគ្នារវាងក្រសួងការពារ​ជាតិរុស្ស៊ី និងតួកគី ក្នុងរយៈពេលប្រាំពីរថ្ងៃ។

ពិធីសារនេះនឹងចុះហត្ថលេខាដោយរដ្ឋមន្រ្តីការពារជាតិនៃប្រទេសទាំងពីរ ហើយប្រទេសរុស្ស៊ី និងតួកគី នឹងចាប់ផ្តើមល្បាតរួមគ្នា​លើផ្លូវល្បឿនលឿន M4 នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២០ ។

យោងតាមពិធីសាររុស្ស៊ី និងតួកគី បានបញ្ជាក់ពីភាពស្មោះត្រង់របស់ពួកគេក្នុងការថែរក្សាអធិបតេយ្យភាព ឯករាជ្យឯកភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី។

ភាគីនានាបានសង្កត់ធ្ងន់ថា ជម្លោះនៅស៊ីរីមិនមានដំណោះស្រាយយោធាទេ ហើយត្រូវតែដោះស្រាយដោយដំណើរការ​នយោបាយ នឹងអនុវត្តន៍ដោយប្រជាជនស៊ីរីដោយខ្លួនឯងដោយមានជំនួយពីអង្គការសហប្រជាជាតិស្របតាមដំណោះស្រាយលេខ ២២៥៤ នៃក្រុមប្រឹក្សាសន្តិសុខរបស់ខ្លួន៕

(ប្រភព Xinhua បកប្រែដោយ លោក យា ចិន្តាខន្តី)