លោក ពូទីន ពិភាក្សាអំពីស្ថានភាពនៅតំបន់អ៊ីដលីប ជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាអឺរ៉ុបតាមទូរស័ព្ទ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ — កាលពីថ្ងៃព្រហស្បតិ៍ វិមានក្រឹមឡាំងបានជូនដំណឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានពិភាក្សាគ្នាតាមទូរស័ព្ទអំពីភាពតានតឹងបច្ចុប្បន្ននៅក្នុងតំបន់អ៊ីដលីបរបស់​ប្រទេសស៊ីរី។

សារនេះបានជូនដំណឹងថា «ពួកគេបានពិភាក្សាគ្នាពីស្ថានភាពនៅក្នុងប្រទេសស៊ីរី ដោយសារភាពតានតឹងកើនឡើងនៅក្នុង​តំបន់អ៊ីដលីបដែលបណ្តាលមកពីសកម្មភាពឈ្លានពាននៃទម្រង់ភេរវករ។ នៅក្នុងបរិបទនេះ លោក Michel បាននិយាយអំពី​វិធានការណ៍ដើម្បីប្រឆាំងនឹងការធ្វើចំណាកស្រុកខុសច្បាប់ទៅកាន់ប្រទេសនានានៅសហភាពអឺរ៉ុប។

វិមានក្រឹមឡាំងបាននិយាយបន្ថែមថា ភាគីទាំងពីរបានផ្តោតទៅលើបញ្ហាមនុស្សធម៌ក្នុងពេលពិភាក្សាគ្នាតាមទូរស័ព្ទ។ លោក ពូទីន និងលោក Michel បានព្រមព្រៀងគ្នារក្សាទំនាក់ទំនងជាប្រចាំ។

ការជជែកគ្នាតាមទូរស័ព្ទត្រូវបានធ្វើឡើងក្នុងដំណើរឆ្ពោះទៅរកកិច្ចពិភាក្សារវាងលោក ពូទីន និងប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ដែលកំពុងធ្វើឡើងនៅក្នុងទីក្រុងមូស្គូ។ មុនពេលជួបពិភាក្សាជាមួយមេដឹកនាំតួកគី មេដឹកនាំរុស្ស៊ីរូបនេះបាន​សង្កត់ធ្ងន់ថា ពួកគេត្រូវតែពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ននៅតំបន់អ៊ីដលីបទល់មុខគ្នា ដើម្បីចៀសវាងការធ្លាក់ចុះនៃទំនាក់ទំនងរវាងរុស្ស៊ី និងតួកគី។

លោក ពូទីន បានសម្តែងការចូលរួមរំលែកទុក្ខចំពោះលោក Erdogan ជុំវិញការស្លាប់របស់ទាហាន តួកគីនៅក្នុងប្រទេសស៊ីរី ដោយលោកបានកត់សម្គាល់ថា កងទ័ពស៊ីរីមិនបានដឹងអំពីទីកន្លែងរបស់ទាហាន តួកគីទេ។ លោកបាននិយាយបន្ថែមទៀតថា កងទ័ព​ស៊ីរីក៏បានរងការខាតបង់ជាច្រើនផងដែរ។ ប្រធានាធិបតីបានយល់ព្រមចាប់ផ្តើមកិច្ចពិភាក្សាគ្នាដោយផ្ទាល់ ហើយបន្ទាប់មកមានការចូល​រួមពីគណៈប្រតិភូមកពីប្រទេសទាំងពីរប្រសិនបើមានករណីចាំបាច់៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)