ចក្រភពអង់គ្លេសគាំទ្រវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ — ស្ថានទូតអង់គ្លេសប្រចាំនៅប្រទេសវៀតណាម បានសម្របសម្រួលជាមួយទីភ្នាក់ងារពាក់ព័ន្ធនានា​របស់វៀតណាម ដើម្បីធ្វើសកម្មភាពប្រាស្រ័យទាក់ទងចាប់តាំងពីខែមីនានេះទៅ ក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការ ការពារ និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយមានការចូលរួមពីបវរកញ្ញាចក្រវាលវៀតណាមឆ្នាំ ២០១៧ គឺកញ្ញា H’hen Nie។

ជាមួយនឹងសារ «កុំភ្នាល់អនាគតរបស់អ្នក – ការធ្វើចំណាកស្រុកដោយខុសច្បាប់អាចធ្វើឱ្យអ្នកក្លាយជាជនរងគ្រោះនៃអំពើជួញ​ដូរមនុស្ស» នៅក្នុងយុទ្ធនាការប្រាស្រ័យទាក់ទងនេះ រួមមានការដំឡើងបដានៅខេត្តភាគកណ្តាល Nghe An ដើម្បីប្រើប្រាស់សេវាកម្ម​គាំទ្រពេញម៉ោងដោយឥតគិតថ្លៃតាមរយៈបណ្តាញទូរស័ព្ទបន្ទាន់សម្រាប់ជនរងគ្រោះនៃអំពើជួញដូរមនុស្ស ១១១ និងការដំឡើងបដានៅតាមអាកាសយានដ្ឋានចំនួន ៥ គឺអាកាសយានដ្ឋាន Noi Bai អាកាសយានដ្ឋាន Tan Son Nhat អាកាសយានដ្ឋាន Da Nang អាកាសយានដ្ឋាន Vinh និងអាកាសយានដ្ឋាន Dong Hoi ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីហានិភ័យ​នៃការធ្វើចំណាកស្រុកខុសច្បាប់ ព្រមទាំងការការពារ និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សផងដែរ។

យុទ្ធនាការនេះក៏នឹងបង្កើតជាឈុតវីដេអូខ្លីមួយផងដែរ ដោយមានវត្តមានចូលរួមរបស់ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅប្រទេស​វៀតណាម លោក Gareth Ward និងកញ្ញា H’hen Nie ។

វីដេអូនេះនឹងត្រូវបានចាក់ផ្សាយនៅលើប៉ុស្តិ៍ទូរទស្សន៍ VTV1 ទូរទស្សន៍ VTV3 និងទូរទស្សន៍ VTV6 របស់វៀតណាមនៅក្នុង​ខែមេសា និងខែឧសភា ឆ្នាំនេះ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)