វៀតណាមអំពាវនាវដល់ UNSC ឱ្យពិនិត្យឡើងវិញ នូវការដាក់ទណ្ឌកម្មប្រឆាំងនឹងស៊ូដង់ខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ — ឯកអគ្គរដ្ឋទូតវៀតណាម លោក Dang Dinh Quy ប្រធានបេសកម្មអចិន្រ្តៃយ៍របស់វៀតណាមប្រចាំ​នៅអង្គការសហប្រជាជាតិ (UN) បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ឱ្យពិនិត្យឡើងវិញនូវទណ្ឌកម្មរបស់​ខ្លួនប្រឆាំងនឹងប្រទេសស៊ូដង់ខាងត្បូង។

ថ្លែងទៅកាន់កិច្ចប្រជុំរបស់ UNSC នៅទីក្រុងញូវយ៉ក ឯកអគ្គរដ្ឋទូតរូបនេះបាននិយាយយ៉ាងខ្លាំងចំពោះការបង្កើតរដ្ឋាភិបាល​អន្តរកាលនៅស៊ូដង់ខាងត្បូង ដោយលោកបាននិយាយថា ប្រទេសនេះនឹងអាចដោះស្រាយបញ្ហាដែលមិនទាន់សម្រេចបាន ប្រសិនបើ​ដំណោះស្រាយនយោបាយត្រូវបានរក្សា។

លោកក៏បានកោតសរសើរចំពោះការអនុវត្តបេសកកម្មរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS) រួមទាំងការ​ចូលរួមវិភាគទានរបស់កងកម្លាំងរក្សាសន្តិភាពរបស់វៀតណាមផងដែរ។

តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាប្រធាន UNMISS លោក David Shearer និងជាអ្នកសម្របសម្រួលវេទិកាប្រចាំខែរបស់ស្ត្រី ស្តីពីដំណើរការសន្តិភាព និងនយោបាយនៅ ស៊ូដង់ខាងត្បូងបានរាយការណ៍ថា ស្ថានភាពនៅស៊ូដង់ខាងត្បូងត្រូវបានគេមើលឃើញថា មានការរីកចម្រើនជាមួយនឹងការបង្កើតរដ្ឋាភិបាលអន្តរកាលដែលគួរឱ្យកត់សម្គាល់បំផុតកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២០ និងការកាត់បន្ថយចំនួនរដ្ឋពី ៣២រដ្ឋ ទៅត្រឹម ១០រដ្ឋ ដូចកាលមុនឆ្នាំ ២០១៥។

ពួកគេបាននិយាយថា នេះជាការឆ្លុះបញ្ចាំងអំពីសម្បទានការប្តេជ្ញាចិត្តខាងនយោបាយ នឹងការតាំងចិត្តដើម្បីធ្វើសកម្មភាពដើម្បី​ជាប្រយោជន៍ដល់ប្រទេសរបស់មេដឹកនាំស៊ូដង់ខាងត្បូង។

ទោះជាយ៉ាងណា រដ្ឋាភិបាលអន្តរកាលកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ដូចជាជម្លោះ និងអំពើហិង្សា ជាពិសេសការបំពានផ្លូវភេទទៅលើស្ត្រី និងកុមារី មនុស្សគ្មានផ្ទះសម្បែងរាប់លាននាក់ និងអ្នកត្រូវការជំនួយមនុស្សធម៌ចំនួន ៧,៥លាននាក់។

លោក Shearer បានបញ្ជាក់ថា UNMISS នឹងបន្តប្រតិបត្តិការរបស់ខ្លួននៅស៊ូដង់ខាងត្បូង ខណៈដែលស្ថានភាពនៅតែមាន​ភាពស្មុគស្មាញ។

បណ្តាប្រទេសជាសមាជិក UNSC បានសម្តែងការគាំទ្រចំពោះការអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ ២០១៨ នឹងបានអំពាវនាវឱ្យភាគីពាក់ព័ន្ធគោរពកិច្ចព្រមព្រៀងបទឈប់បាញ់គ្នា៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)