ប្រជាកសិករខេត្តមណ្ឌលគីរី ដាំដំឡូងមីទទួលបានទិន្នផលច្រើន បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលពីមន្ដ្រីជំនាញ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 06,03,2020៖

ប្រជាកសិករខេត្តមណ្ឌលគីរី ដំណាំដំឡូងមីទទួលបានទិន្នផលច្រើន បន្ទាប់ពីបានការបណ្ដុះបណ្ដាលពីមន្ដ្រីជំនាញ នៃមន្ទីរកសិកម្មខេត្ត គួបផ្សំនឹងឆ្នាំនេះមាន អំណោយផលល្អពីធម្មជាតិផង។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគីរី មានប្រសាសន៍ប្រាប់វិទ្យុជាតិថាប្រជាកសិករនៅខេត្តមណ្ឌលគីរីបានធ្វើការបង្កបង្កើនផលដំណាំដំឡូងមី ក្នុងស្រុកកែវសីម៉ា ក្រុងសែនមនោរម្យ ស្រុកពេជ្រជដា និងស្រុកកោះញ៉ែក លើផ្ទៃដីសរុបប្រមាណជាង ១២០០០ហិកតា ដែលក្នុង១ហិកតាៗទទួលផលបានពី១៧តោនទៅ ២០តោន ។
លោកប្រធានបានបន្តថា មន្ត្រីជំនាញក៏បានចុះណែនាំពីគន្លឹះសំខាន់ៗដល់ប្រជាកសិករក្នុងការថែទាំដូចជា ត្រូវជំរះស្មៅ ជ្រោយដីឲ្យបានញឹកញាប់ពេលដំឡូងមីនៅតូច ត្រូវពូនគល់ក្រោយពេលដាំរយៈពេល ២ ទៅ ៣ខែ ដើម្បីជួយទប់ដើមមិនឲ្យរលំដួល ហើយផ្តល់មើមធំៗ ជាពិសេសលួសស្លឹកខាងក្រោមចេញខ្លះ នៅពេលដំឡូងមានកំពស់១ម៉ែត្រ ដើម្បីឲ្យពន្លឺចាំងចូលបានគ្រប់គ្រាន់ ។
លោកបានបន្ថែមថា បច្ចុប្បន្នប្រជាកសិករដែលបានដំណាំដំឡូងមីក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ទទួលបានតម្លៃសមរម្យ និងមានកន្លែងទទួលទិញច្បាស់លាស់ ដែលជាហេតុជួយកែលម្អជីវភាពគ្រួសាររបស់ប្រជាកសិករ ។
ប្រជាកសិករកំពុងតែប្រមូលផលដំឡូងមី ដោយជារួមផលដំឡូងមីនេះ គឺផ្ដល់ជីវភាពល្អ ដោយសារតែតម្លៃល្អប្រមាណ ក្នុងរយៈពេល២ឆ្នាំនេះ ដូច្នេះគាត់បានចំណូលច្រើនពីដំណាំនេះ ជួយបង្កើនជីវភាពរបស់ពួកគាត់តាមរយៈការដាំដុះនេះ ហើយប្រជាកសិករគាត់មានកន្លែងប្រមូលទិញមួយចំនួន ដែលមានដូចជានៅស្រុកកែវសីមាមានកន្លែងប្រមូលទិញ នៅជិតមានបញ្ហាអ្វីទេចំពោះទីផ្សារទេសំរាប់ដំណាំនេះ។
លោក បានអំពាវនាវដល់ប្រជាកសិករ បង្កើនការដំណាំដោយត្រូវយកចិត្តទុកដាក់សិក្សាអំពីប្រភេទដំណាំឲ្យបានច្បាស់លាស់ មុនធ្វើការសំរេចត្រូវដាំដុះ ថាតើត្រូវនឹងស្ថានភាពដី អាកាសធាតុ ជាពិសេសបំពេញតម្រូវការទីផ្សារ ឬទេ។
សូមបញ្ជាក់ថា ដំឡូងមីជាដំណាំមួយប្រភេទ ដែលអាចដាំដុះនៅតំបន់មានអាកាសធាតុក្តៅហើយសើម ត្រូវការពន្លឺ ហើយដីដែលល្អសម្រាប់ការលូតលាស់គឺដីល្បាយខ្សាច់ធូរ ហើយច្រោះទឹកល្អ និងមានជីជាតិ ។ដំឡូង អាចបរិភោគជំនួសបាយបាន អាចច្នៃយកម្សៅដំឡូងមីធ្វើជានំបុ័ង ម្សៅសាគូរ ។ សំរាប់ស្លឹក អាចធ្វើជាចំណីសត្វ និងអាចកែច្នៃទៅរបស់មានប្រយោជន៍ជាច្រើនប្រភេទទៀត ៕