ប្រមុខរាជរដ្ឋាភិបាលប្រកាសឲ្យបង្កើនការវិនិយោគការសិក្សារបស់ក្មេងស្រីនៅគ្រប់កម្រិត ពិសេសលើជំនាញស្ទេម

វិទ្យុជាតិកម្ពុជា៖

ប្រមុខរាជរដ្ឋាភិបាលប្រកាសឲ្យបង្កើនការវិនិយោគការសិក្សារបស់ក្មេងស្រីនៅគ្រប់កម្រិត ពិសេសក្នុងមុខជំនាញវិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម សិល្បៈច្នៃប្រឌិត និងគណិតវិទ្យាហៅ កាត់ថា ស្ទេម ដើម្បីដើរឲ្យទាន់នៃការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី១០៩ទិវាអន្តរជាតិនារី ៨ មីនា នៅព្រឹកថ្ងៃទី០៦ខែមីនាឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្រសួងអប់រំយុវជននិងកីឡា ត្រូវណែនាំដល់គ្រប់គ្រឹះស្ថាន ទំាងអស់ឲ្យពង្រឹងការអនុវត្តវិន័យ និងទំនាក់ទំនងជាមួយឪពុកម្តាយ អាណាព្យាបាលសិស្សឲ្យ បានជាប់ជាប្រចំាក្នុងការបញ្ជូនកូនចៅប្រុសស្រី ពិសេសក្មេងស្រីឲ្យបានមករៀនទៀងទាត់ និង បានគ្រប់កម្រិត ដើម្បីអនាគតរបស់ពួកគេ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានអៈអាងថា នៅក្នុង វិស័យអប់រំកម្ពុជា មានសមភាពយេនឌ័រក្នុងកម្រិតបឋមសិក្សា និងមធ្យមសិក្សា ហើយគម្លាត យេនឌ័រនៅកម្រិតមធ្យមសិក្សាទុតិយភូមិនិងឧត្តមសិក្សាត្រូវបានកាត់បន្ថយជាបណ្តើរៗ។ បន្ថែមពីនេះទៀតប៉ុន្មានឆ្នាំចុងក្រោយនេះចំនួនសិស្សស្រីនៅកម្រិតមធ្យមសិក្សាទុតិយភូមិក៏ មានការកើនឡើងច្រើន ទំាងបរិមាណនិងគុណភាព។
« ជាលទ្ធផលសិស្សស្រីដែលទទួលបាននិន្ទេសអេ ក្នុងការប្រលងមធ្យមសិក្សាទុតិយភូមិ មានចំនួនកើនឡើងរង្វង់៥០ភាគរយ។ ស្រ្តីនិងក្មេងស្រីមានលទ្ធភាពកាន់តែច្រើនក្នុងការទទួល បានការសិក្សាអប់រំ ទំាងក្នុងនិងក្រៅប្រព័ន្ធ ក្នុងនោះត្រូវបានគេលើកទឹកចិត្ត និងគាំទ្រ ដើម្បីចាប់ យកចំណេះដឹងជំនាញ និងបច្ចេកទេសថ្មីៗ ជាពិសេសការអប់រំផ្នែកវិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម សិល្បៈច្នៃប្រឌិត និងគណិតវិទ្យា ស្របតមានភាពវិវឌ្ឍន៍នៃការរីកចំរើននៃបច្ចេកវិទ្យា និងទីផ្សារការងារផងដែរ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍ឆ្នាំសិក្សា២០១៩ ២០២០ នេះ និស្សិតជាស្រ្តី ដែលសិក្សានៅកម្រិតឧត្តមសិក្សាមានចំនួន៤៦.៦ភាគរយ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានចំនួន ២៣.៤ភាគរយ ថ្នាក់បណ្ឌិតមានចំនួន៥.៩ភាគរយ។ចំណែកចំនួននិស្សិតដែលជ្រើសរើសមុខ ជំនាញវិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម សិល្បៈច្នៃប្រឌិត និងគណិតវិទ្យា បានកើនដល់ ជាង២៧ភាគរយ ក្នុងនោះនិស្សិតស្រីមានចំនួនជាង១៧៕