ក្រសួងសុខាភិបាល បានប្រកាសច្រានចោលនូវព័ត៌មានមិនពិតដែលបានផ្សព្វផ្សាយថាកាតឈ្មោះVIRUS SHUT OUT, Clode Wash និង Anti virus Card អាចការពារមេរោគSARS និងCOVID-19

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ០៦ មីនា ២០២០៖

ក្រសួងសុខាភិបាល បានប្រកាសច្រានចោលនូវព័ត៌មានមិនពិតដែលបានផ្សព្វផ្សាយថាកាតឈ្មោះVIRUS SHUT OUT, Clode Wash និង Anti virus Card អាចការពារមេរោគ SARS និងCOVID-19 ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា នៅលើបណ្ដាញសង្គមហ្វេសប៊ុក មានករណីឈ្មោះ ១.Yaly 18 shop ២. JAPAN CARE ៣.iPhon CASE កំពុងផ្សព្វផ្សាយការលក់កាតឈ្មោះ VIRUS SHUT OUT, Clode Wash និង Anti virus Card ដែលមានខ្លឹមសារផ្សព្វផ្សាយភូតកុហកបោកប្រាស់ និងបំផ្លើសហួសពីការពិតគ្មានមូលដ្ឋានវិទ្យាសាស្ដ្រត្រឹមត្រូវដូចជា៖ របាំងការពារមេរោគ SARS មេរោគ Corona និងការពារបាក់តេរីផ្សេងៗជាដើម។
ករណីនេះក្រសួងសុខាភិបាល សូមប្រកាសដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំជឿលើការឃោសនាភូតកុហក ទាំងនេះ ។ក្រសួងសុខាភិបាលសុំច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិតរបស់គណនីទាំង៣ខាងលើ និងប្រភពព័ត៌មានទាំងឡាយណា ដែលផ្សព្វផ្សាយថាកាតឈ្មោះ VIRUS SHUT OUT, Clode Wash និង Anti virus Card អាចការពារមេរោគ SARS និងមេរោគ corona។ ក្រសួងសុខាភិបាល ក៏បានស្នើ ឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតឹងរឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់ករណី៣ខាងលើ ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីកុំឲ្យជនឆ្លៀតឱកាសនិយមទាំងនេះ បន្តបោកប្រាស់ប្រជាពលរដ្ឋបន្តទៀត។
សូមបញ្ជាក់ថា ក្នុងករណីបងប្អូនប្រជាពលរដ្ឋដែលបានជួបប្រទះជនណា កំពុងលក់កាតឈ្មោះ VIRUS SHUT OUT, Clode Wash និង Anti virus Card សូមបងប្អូនប្រញាប់ផ្ដល់ព័ត៌មានឲ្យអាជ្ញាធរមានសមត្ថកិច្ច ឬរាយការណ៍ព័ត៌មានមកក្រសួងសុខាភិបាល តាមរយៈលេខទូរសព្ទ៖ ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧ ៨៦៦ ៧៦០៕