សម្តេចតេជោហ៊ុនសែន៖ ឆ្នាំ២០២០នេះ កម្ពុជាទទួលបានវឌ្ឍន៍ភាពយ៉ាងល្អក្នុងការកាត់បន្ថយគម្លាតយេនឌ័រ

វិទ្យុជាតិកម្ពុជា៖  សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចករកម្ពុជាបានអៈអាងថា ឆ្នាំ២០២០ នេះ កម្ពុជាទទួលបានវឌ្ឍន៍ភាពយ៉ាងល្អក្នុងការកាត់បន្ថយគម្លាតយេនឌ័រ ដែលនេះគឺជាកិច្ច ខិត ខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងបង្កើនភាព អង់អាចដល់ស្រ្តី។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយកនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជាថ្លែងនៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិ៨មីនា ឆ្នាំ២០២០ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នេះថា តាមរយៈការចាត់វិធានការចំណាត់ថ្នាក់របស់វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នំា ២០២០នេះ កម្ពុជាទទួលបានវឌ្ឍនភាពក្នុងការកាត់បន្ថយគម្លាតយេនឌ័រគួជាទីមោទន ដោយបានថយចុះពីចំណាត់ថ្នាក់លេខ១១២នៅឆ្នាំ២០១៦ មកចំណាត់ថ្នាក់លេខ៨៩ នៅឆ្នាំ ២០២០ ក្នុងចំណោមប្រទេស១៥៣ប្រទេស។ សម្តេចតេជោបានបញ្ជាក់ថា កម្ពុជាក៏ត្រូវបានគេទទួល ស្គាល់ថា ជាប្រទេសដែលមានស្រ្តីចូលរួមយ៉ាងសកម្មក្នុងវិស័យសេដ្ឋកិច្ច និងការលើកកម្ពស់ សុខភាពស្រ្តី ហើយអត្រាស្រ្តីចូលរួមក្នុងកម្លំាងពលកម្មគឺខ្ពស់ជាងគេរហូតដល់៧៩ភាគរយ ក្នុងនោះជាម្ចាស់អាជីវកម្មរហូតដល់ជាង៦៥ភាគរយជាស្រ្តី។
« កម្ពុជាធ្លាប់ជាប្រទេសគំរូ និងទទួលបាននូវការកោតសរសើរ ក្នុងការលើកកម្ពស់សមភាពយេនឌ័រតាមរយៈការពង្រឹងរចនាសម្ព័ន្ធស្ថាប័ន ការកំណត់វិធានការយ៉ាងម៉ឺងម៉ាត់ និងការបង្កើតក្រុមការងារបច្ចេកទេសយេនឌ័រទន្ទឹម ។
ទន្ទឹមនឹងសមិទ្ធផលដែលកម្ពុជាសម្រេចបាននេះ ក៏នៅមានបញ្ហាប្រឈមមួយចំនួនដែរក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមស្នើគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន ព្រមទាំងប្រជាពលរដ្ឋគ្រប់រូប សូមចូលរួមផ្ដោតការយកចិត្តទុកដាក់ ទៅលើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោមដោយទី១. គ្រប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ត្រូវបន្តបង្កើនឲ្យមានចំនួនស្ត្រីក្នុងតួនាទីជាថ្នាក់ដឹកនាំ នៅគ្រប់កម្រិត ។និងទី២ត្រូវរួមគ្នាទប់ស្កាត់ និងអន្តរាគមន៍ឲ្យបានទាន់ពេលវេលា នៅគ្រប់ទិដ្ឋភាព នៃអំពើហិង្សាដែលទាក់ទងនឹងបញ្ហាយេនឌ័រ ជាពិសេសការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតពាក់ព័ន្ធនឹងការជួញដូរផ្លូវភេទ។ត្រូវពង្រឹងការបង្កើតក្រុមការងារពហុវិស័យ ឆ្លើយតបនិងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឲ្យបាននៅគ្រប់រាជធានី ខេត្តទាំងអស់ នឹងត្រូវសហការគ្នាប្រើប្រាស់ទិន្នន័យ រដ្ឋបាលមូលដ្ឋានលើកិច្ចអន្តរាគមន៍ជួយស្ត្រី និងក្មេងស្រីរងគ្រោះ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព នៃកិច្ចអន្តរាគមន៍របស់ស្ថាប័ននីមួយៗ៕