លោកជំទាវ ខៀវ ទេពរង្ស៊ី កាញារីទ្ធ៖ សមាគមនារីកម្ពុជាដើម្បីសន្តិ​ភាព​ និង​អភិវឌ្ឍន៍ សា​ខា​ក្រ​សួងព័ត៌មាន ដើរតួនាទីយ៉ាងសំខាន់សម្រាប់ការងារសង្គម និងមនុស្សធម៌

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ — លោកជំទាវ ខៀវ ទេពរង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងព័ត៌មាន​ បាន​មាន​​ប្រ​សា​ស​ន៍ថា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង​អភិ​វឌ្ឍ​ន៍ សាខា​​ក្រសួងព័ត៌​មា​ន ​បាន​ដើ​​រតួនា​ទីយ៉ា​ងសំខាន់សម្រាប់ ការងារសង្គម និងមនុស្សធម៌ ជាពិសេសការងារគ្រប់គ្រង និ​ង​ផ្តល់ជូននូវ​រាល់ព័ត៌មានពិតជា​​ក់​លា​​​ក់ គ្រប់ទីកន្លែង ទាន់ពេលវេលា​ជូនដ​ល់សា​ធារ​ណៈជ​ន​លើការយល់ជ្រាបកាន់តែ​ច្បា​ស់​​​​អំ​ពី​កា​រ​​អភិវឌ្ឍពីមួយថ្ងៃទៅមួយ​ថ្ងៃដែលរា​ជរដ្ឋា​ភិបា​ល​ក​ម្ពុ​ជា​សម្រេចបាន។

ក្នុងពិធីផ្សព្វផ្សាយសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅ សម្រា​ប់អ​នុវ​ត្ត​ន៍ឆ្នាំ​​២​០​២០ របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍ៍ សាខា​ក្រ​​សួងព័ត៌មា​ន នៅ​ព្រឹក​ថ្ងៃ​ទី០៥ ខែមីនា ឆ្នាំ២០២០ នាទីស្តីការក្រសួងព័ត៌មាន ​លោ​ក​​​​ជំ​​​ទា​វ ខៀវ ទេពរង្ស៊ី កាញារីទ្ធ បា​ន​មានប្រសាសន៍ទៀតថា នារីក្នុងវិស័យសារព័ត៌មានបាន ដើរតួនាទី ផងដែរក្នុងកិច្ចការងារសង្គមដូច​ជា ការចុះចែកជូនអំណោយដល់ជនរ​ងគ្រោះនៅតាម​មូល​ដ្ឋា​ន​ជួយសង្រ្គោះដល់ចាស់ជរា  ខ្វះ​​ខា​តជីវភាព ការផ្តល់សម្ភារៈសិក្សា ជូនដល់កុមារទីទ័លក្រ ផ្តល់​ជូននូវអំណោយ និងអា​ហា​​​រជូនដល់មណ្ឌលកុមារពិការ និងអូទីស្សឹមនៅក្រុងតាខ្មៅ ព្រម​ទាំង​ចូលរួមចំណែកកសា​ង​អភិវឌ្ឍន៍វិស័យសាសនា ក៏ដូចជាកា​រខិ​តខំ​បណ្តុះប​ណ្តាល​ក​សា​ងសមត្ថភាពដល់នារី ក្នុ​ងវិ​ស័​យសារព័ត៌មាន ថែមទៀតផង។

លោ​ក​​​​ជំ​​​ទា​វបានបញ្ជាក់ថា ក្រៅអំពី​ការងា​រលើ​វិស័​យព័​ត៌​មាន សមាគមនារី​នៃក្រសួ​ង​​​ព័ត៌មានបា​នដើតួ​នាទី​យ៉ាង​សំខាន់ក្នុងការងារមនុស្សធម៌ កា​រងារសង្គមដូចជាការជួ​យ​ដ​ល់​​​​​ភាព​ងាយ​រង​គ្រោះរ​បស់​ចាស់ជរា កុមារកំព្រានៅ​តា​មូ​ល​ដ្ឋា​ន​ ការចុះជួយ និងផ្តល់អំ​ណោ​យ​​ដ​​​ល់កុមារពិការ ខ្សោយសតិបញ្ញា កុ​មា​រ​ពិ​ការគថ្លង់ នៅខេត្តកំពង់ចាម ក៏ដូចជាការចូល រួមចំណែកកសាងសមិទ្ធផលនានា ក្នុងវិ​ស័យ​អាណា​ចក្រ និងពុទ្ធិចក្រ ដែលសុទ្ធ​សឹ​ង​ផ្តើមចេញពីឆន្ទៈមនសិការបស់នារី នៃក្រ​សួង​ព័​ត៌មាន រហូតទទួលបានការ គាំទ្រ និង​លើ​កសសើរពីប្រមុខរាជរដ្ឋាភិបាលផងដែរ។

លោកជំទាវ បានសង្កត់ធ្ងន់​ថា កម្ពុជាក្រោមសុខសន្តិភាពរយៈកាលជាង៤​០ឆ្នាំ​ក្រោម​ការ​ដឹកនាំរប​ស់ សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែទទួលបានការអភិវឌ្ឍសុខដុម​រម​នី​យ​កម្មនៃគ្រួ​សារខ្មែ តែមួយប៉ុណ្ណោះទេ ប៉ុន្តែការលើកតម្កើងសិទ្ធសេរីភាពសម្រាប់ស្រ្តី យុវតី គឺ​មា​​នភាពសំខាន់ ដូចគ្នានិងស្មើភាពគ្នារវាងបុរសនិងស្រ្តី ពិសេសគឺ​ការផ្ត​ល់ជូ​ននូវ​ឱកា​សកា​រងា​រសម្រាប់ស្រ្តីលើគ្រប់វិស័យ៕

ដោយ គង់ សិរីរ័ត្ន ( រូបភាព៖ ខឹម សុវណ្ណារ៉ា)