អគ្គនាយកគយ និងរដ្ឋាករកម្ពុជា អះអាងថា ការប្រមូលចំណូលក្នុងខែកុម្ភៈ ឆ្នាំ២០២០នេះ ធ្លាក់ចុះដោយសារជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ — អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានអះអាងថា ក្នុងខែកុម្ភៈ ឆ្នាំ២០២០នេះ ការប្រមូលចំណូលមានការធ្លាក់ចុះបន្ដិច ដោយទទួលបានត្រឹមតែ២៣៥លានដុល្លារអាម៉េរិក មូលហេតុនៃការធ្លាក់ចុះនេះ គឺដោយសារតែជំងឺកូរូណាប្រភេទថ្មី ឬកូវីដ-១៩ ដែលជំងឺនេះ បានធ្វើឱ្យប៉ះពាល់នៅពេសពេញសកលលោក។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព  និងទិសដៅការងាររបស់ ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ» កាលពីព្រឹកថ្ងៃទី០៥ ខែមីនា  ឆ្នាំ២០២០ ឯកឧត្ដមបណ្ឌិត គុណ  ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​នៃអគ្គ​នាយក​​ដ្ឋានគយ  និងរដ្ឋាករកម្ពុជាបាន​បង្ហាញនូវមូលហេតុនៃការធ្លាក់ចុះក្នុងការប្រមូលចំណូលនៅខែកុម្ភៈនេះ គឺមានកត្តា៣ ផ្សេងៗ​គ្នា។ ឯកឧត្ដមបានបញ្ជាក់ “ខែមួយគឺខែមករា តួលេខល្អ ខែពីរនេះ គឺខែកុម្ភៈ ដោយសារប៉ះ​ពាល់​​ខ្លាំងពីការធ្លាក់ទេសចរណ៍ផង ហើយកូវីដ-១៩ ធ្លាក់ចុះខែពីរនេះ ដោយចំណូលរបស់​យើង​​ទាបជាងផែនការបន្ដិច”។ ឯកឧត្ដមបានបន្ដថា ក្នុងឆ្នាំ២០២០ អគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា សម្រាប់ផែនការដែលកំណត់ដោយច្បាប់ហិរញ្ញាវត្ថុ គឺត្រូវប្រមូលឱ្យបាន ២,៩០០​លាន​ដុល្លារអាម៉េរិក។ ទន្ទឹមនេះ បើសិនគិតជាមធ្យមប្រចាំខែ យើងត្រូវប្រមូលឱ្យបាន​ជិត២៥០លានដុល្លារ សម្រាប់ខែមករា យើងប្រមូលបាន២៥៥លានដុល្លារ មានន័យថា លើស​ផែនការបន្ដិច។ ប៉ុន្ដែសម្រាប់ខែកុម្ភៈ យើងប្រមូលបានតែ២៣៥លានដុល្លារទេ ដូច្នេះខ្វះ​បន្ដិច។

ឯកឧត្ដមបណ្ឌិតបានបន្ថែមថា ភាគីពាក់ព័ន្ធបានរៀបចំច្រកសំខាន់បន្ថែមទៀត ដើម្បី​នាំ​ចេញវត្ថុធាតុដើម ពីព្រោះវត្ថុធាតុដើមជាកត្តាអាទិភាពមុនគេ ហើយជំងឺកូវីដ-១៩ ធ្វើឱ្យ​ប៉ះ​ពាល់សេដ្ឋកិច្ចក្នុងសកលលោក ព្រមទាំងកម្ពុជា ផងដែរ៕

ដោយ ប៊ុនរិទ្ធ