ក្រុមហ៊ុនអចលទ្រព្យសាងសង់លំនៅដ្ឋានតម្លៃសមរម្យ សម្រាប់ជួយដល់​ប្រជាពលរដ្ឋមានប្រាក់ចំណូលទាប និង មធ្យម

វិទ្យុជាតិកម្ពុជា៖ កង. មុន្នីរ៉ា ថៃ្ងទី០៣ ខែមីនា ឆ្នាំ ២០២០៖

ក្រុមហ៊ុនអចលនទ្រព្យសាងសង់លំនៅដ្ឋានតម្លៃសមរម្យ សម្រាប់ជួយទៅដល់ ប្រជាពលរដ្ឋ មន្រ្តីរាជការ និង កម្មករ កម្មការិនី ដែលមានប្រាក់ចំណូលទាប អាចបង់​រំលោះ​ ឬ ទិញលំនៅដ្ឋាននេះបាន។

ប្រធានក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ KW Cambodia បានឱ្យដឹងថា ​លំនៅ​ដ្ឋាននេះ មាន ជាង២០០ល្វែង សង់នៅលើទំហំដីជាង៣ម៉ឺន​ម៉ែត្រ​ការ៉េ (៣៤០៩៧ម៉ែត្រ​ការ៉េ)  ស្ថិតនៅក្នុងភូមិ​រទាំង ឃុំភូមិធំ  ស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីផ្តល់លទ្ធភាព ជូនប្រជាពលរដ្ឋ​ ដែលមាន​ចំណូល​តិច និង មធ្យម អាចបង់រំលោះ ឬ ទិញស្នាក់នៅបាន។

ថ្លែងក្នុងពិធីបុកគ្រឹះ កាលពីថ្ងៃទី២៦ ខែ​កុម្ភៈ ឆ្នាំ ២០២០ កន្លងទៅ លោកឧកញ្ញា បណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុម ហ៊ុន  Khmer Real Eastate ឱ្យដឹងថា លក្ខណៈពិសេស​របស់គម្រោង​នេះ គឺផ្ទះមានតម្លៃទាប មានអត្រាការប្រាក់ទាប ហើយការបង់មានរយៈពេលវែង ដើម្បីកាន់តែផ្តល់​លទ្ធភាពសម្រាប់​អ្នក មានចំណូលទាប នឹងមធ្យមអាចបង់បាន។ លោកបន្តថា ការអនុវត្តគម្រោង​សាងសង់​លំនៅដ្ឋាន​ដែលមានតម្លៃទាប និង មធ្យមនេះ ពិតជាផ្តល់ផលប្រយោជន៍ ក្នុងការដោះ​ស្រាយ​ផលលំបាករបស់​ប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប មធ្យម នឹងអ្នកគ្មានផ្ទះសម្បែង​ស្នាក់នៅ ខណៈដែលក្នុងមួយឆ្នាំៗ​ប្រជាពលរដ្ឋដែលមានចំណូលទាប និង មធ្យមមានតម្រូវការ​ផ្ទះសម្បែង​ប្រមាណជាង៥ម៉ឺន​លំនៅ​ដ្ឋានទំាងនៅទីក្រុង និង នៅទីប្រជុំជន។ លោកបាន​​បញ្ជាក់ថា គម្រោងលំនៅដ្ឋាននេះ សាងសង់​តាមបទពិសោធន៍ស្តង់ដាអន្តរជាតិ ប្រកបដោយគុណភាព សោភ័ណភាព និង ស្របតាម​ផែនការ​យុទ្ធសាស្រ្តអភិវឌ្ឍន៍ នៃរាជរដ្ឋាភិបាលកម្ពុជា ដោយ​លំនៅដ្ឋាននីមួយៗមានផ្ទៃដីសរុប​៨៤x១១០ម៉ែត្រ ហើយទំហំផ្ទះ៤.២x១២ម៉ែត្រ​ មាន៣បន្ទប់​គេង ៣បន្ទប់ទឹក បន្ទប់ទួលភ្ញៀវមួយ និង ផ្ទះបាយមួយ។

សូមបញ្ជាក់ថា  ផ្ទះមួយមាន​តម្លៃជាមធ្យម ចាប់ពី​៤៥៧០០ទៅ ជាង៥ម៉ឺនដុល្លារសហរដ្ឋ​អាមេរិក ទៅ​តាមស្ថាន​ភាពនៃទីតាំង។  សំណង់លំនៅដ្ឋាននេះ នឹងបញ្ចប់គម្រោងសាងសង់ ក្នុងរយៈ​​ពេល១៨ខែ ដោយគិតចាប់ពីថ្ងៃបុកគ្រឹះតទៅ ៕