ក្រសួងសេដ្ឋកិច្ចកំពុងសិក្សាការកាត់បន្ថយការចំណាយថវិកានៅតាមក្រសួងស្ថាប័នដើម្បីត្រៀមប្រយុទ្ធប្រឆំាងនឹងជម្ងឺខូវីត១៩

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា៖

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំពុងសិក្សាការកាត់បន្ថយការចំណាយថវិកានៅតាមក្រសួងស្ថាប័នរដ្ឋ ដើម្បីត្រៀមប្រយុទ្ធប្រឆំាងនឹងជម្ងឺខូវីត១៩ ក្នុងការជួយសង្គ្រោះផ្នែកសេដ្ឋកិច្ច ដែលធានាបានសុវត្ថិភាពសង្គម។
ឯកឧត្ដម អ៊ុង លុយណា អគ្គនាយករង អគ្គនាយកដ្ឋានថវិកា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានប្រសាសន៍ថា ក្រសួងបានកំពុងពិចារណាវាយតម្លៃជំហ៊ានដំបូង ដើម្បីកំណត់ឱ្យគ្រប់ក្រសួងក្រសួងស្ថាប័នទាំងអស់ ត្រូវតែកាត់បន្ថយការចំណាយថវិកាមួយចំនួន និងមិនចាំបាច់ ហើយមិនប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍជាតិ។
ថ្លែងក្នុងសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្ដមបានបញ្ជាក់ថា ការសិក្សាលើផែនការកាត់បន្ថយការចំណាយថវិកានៅតាមក្រសួងស្ថាប័ននីមួយៗនេះ គឺក្រសួងមិនទាន់បានកំណត់ថា ត្រូវកាត់បន្ថយថវិកាផ្នែកណាមួយនោះទេ ដោយរង់ចាំមើលនៅស្ថានភាពជាក់ស្ដែងនៃការផ្ទុះជម្ងឺខូវីត១៩ជាមុនសិន។
ជាមួយគ្នានោះឯកឧត្ដមបានបញ្ជាក់ទៀតថា ជាជំហ៊ានដំបូងនេះ ក្រសួងសេដ្ឋកិច្ច នឹងផ្ដល់ថវិកាជូនថវិកាដល់ក្រសួងសុខាភិបាលដែលមានការស្នើសុំ ដើម្បីការពារ និងធានាសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
សម្លេង««ជាកស្ដែងទៅលើតួលេខដែលយើងបានធ្វើ ហើយក្រសួងសុខាភិបាលយើងកំពុងសរុបតួរលេខយើងអត់ទាន់វាយតម្លៃថា តើលទ្ធភាពដែលយើងធ្វើអន្ដរាគមន៍នឹងធំប៉ុណ្ណា ដូចដែលសម្ដេចតេជោបានផ្ដល់ការងារនឹងជូនទៅក្រសួងសុខាភិបាល ហើយសេដ្ឋកិច្ច កំពុងជជែកគ្នាអំពីកំណត់ពីទំហំ ហើយនឹងការងារដែលយើងត្រូវធ្វើ ចឹងទេជំហ៊ាននេះ យើងបានផ្ដល់ថវិកាធ្វើតាមតែក្រសួងសុខាភិបាលស្នើរសុំ និងការអន្ដរាគមន៍ជាក់ស្ដែងនាពេលកន្លងមក ហើយបន្ទាប់មកយើងកំពុងរៀបចំផែនការទាំងអស់នេះ ចឹងបើឱ្យនិយាយថាតួលេខប៉ុន្មានយើងអត់ទាន់ផ្ដល់ជូនបានទេ ដែលយើងកំពុងធ្វើការងារទាំងអស់នឹង ដើម្បីធ្វើឱ្យបង្កើនទំនុកចិត្ដប្រជាជន ធុរជន និងទេសចរសម្រាប់ធ្វើឱ្យវិស័យនឹងនៅតែរស់រវើក»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ បានថ្លែងថា នៅឆ្នាំ២០២០នេះរាជរដ្ឋាភិបាលកម្ពុជា សម្រេចកាត់បន្ថយការចំណាយរបស់ក្រសួងស្ថាប័នទាំងអស់ចំនួន៥០ភាគរយ លើកលែងតែក្រសួងស្ថាប័ន៣ប៉ុណ្ណោះ ដែលកាត់បន្ថយត្រឹម២៥ភាគរយ គឺក្រសួងការបរទេស និងសហប្រតិប្រត្តិការអន្តរជាតិ ក្រសួងពាណិជ្ជកម្ម និងទីស្តីការគណៈរដ្ឋមន្រ្តី។ ដោយឡែកក្រសួងសុខាភិបាលត្រូវបង្កើនថវិការ ដើម្បីប្រយុទ្ធប្រឆំាងនឹងជម្ងឺខូវីតថ្មី១៩នេះ៕