ក្រសួងវប្បធម៌ ស្នើដល់បណ្ដាក្រុមសិល្បៈនានាដែលយកទម្រង់របាំព្រះរាជទ្រព្យទៅសម្ដែងលក្ខណៈអន្តរជាតិ ត្រូវប្រើប្រាស់ប្រកបដោយមនសិការវិជ្ជាជីវៈ

វិទ្យុជាតិកម្ពុជា៖ស្រីផល 05,03,2020៖

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្នើដល់បណ្ដាក្រុមសិល្បៈនានា ដែលយកទម្រង់របាំព្រះរាជទ្រព្យ ទៅសម្ដែងលក្ខណៈអន្តរជាតិ មេត្តាប្រើប្រាស់ប្រកបដោយមនសិការវិជ្ជាជីវៈច្បាស់លាស់ ដើម្បីជៀសវាងកុំឲ្យប៉ះពាល់ដល់កិត្តិស័ព្ទ នៃប្រជាជាតិខ្មែរទាំងមូល។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឲ្យដឹងថា របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ តាំងឆ្នាំ២០០៣ មករហូតមក។ ក្រោយថ្ងៃរំដោះ៧ មករាឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានមោទនភាពនិងរីករាយ ដោយសារការរស់ឡើងវិញនៃរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ដែលក្រសួងក៏ដូចជាបណ្ដាអង្គការ សមាគម ក្រុមសិល្បៈនានា ធ្វើការបង្ហាត់បង្រៀនបណ្ដុះបណ្ដាលយ៉ាងផុសផុល សំដៅរួមចំណែកថែរក្សាការពារនិងផ្សព្វផ្សាយ ដើម្បីលើកតម្កើងអត្តសញ្ញាណវប្បធម៌ជាតិ ។
ប៉ុន្តែទន្ទឹមនឹងនោះក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏បានសង្កេតឃើញថា នៅមានអង្គការ សមាគមក្រុមសិល្បៈ ឬបុគ្គលខ្លះៗបានប្រើប្រាស់ទម្រង់របាំនេះ ទោះដោយចេតនាក្តី អចេតនាក្តី ខ្វះការប្រុងប្រយ័ត្ននូវក្បួនខ្នាត ក្នុងរូបភាពមិនសមរម្យ នៅតាមទីកន្លែងមិនសមស្រប ដែលជាហេតុធ្វើឲ្យអាប់អោន ឬជាការបន្ទាបបន្ថោក ដល់តម្លៃនៃសិល្បៈរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ប៉ះពាល់ដល់កិត្តិស័ព្ទនៃអ្នករបាំបុរាណខ្មែរ ដែលមានមនសិការវិជ្ជាជីវៈច្បាស់លាស់ និងប៉ះពាល់ដល់កិត្តិស័ព្ទ នៃប្រជាជាតិខ្មែរទាំងមូល។
ករណីនេះ ក្រសួង សូមណែនាំឱ្យបណ្ដាអង្គការ សមាគម ក្រុមសិល្បៈនានា ដែលរៀបចំយកទម្រង់របាំព្រះរាជទ្រព្យ និងរបាំក្បាច់បុរាណ ទៅសំដែងជាលក្ខណៈអន្តរជាតិនៅក្រៅប្រទេស សូមសហការជាមួយក្រសួងឲ្យបានជិតស្និទ្ធ តាមរយៈការផ្ដល់ជារបាយការណ៍សង្ខេប ស្ដីពីទស្សនទាន គោលបំណង ទីកន្លែង ឬបរិស្ថាន ដែលរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរត្រូវសម្ដែង ដើម្បីជៀសវាងនូវរូបភាពមិនសមរម្យ ប៉ះពាល់ដល់តម្លៃសិល្បៈ និងកិត្តិយសរបស់ជាតិ។ ជាមួយគ្នានោះដែរ ចំពោះការសម្ដែងរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ នានាក្នុងប្រទេស ក៏ត្រូវមានការប្រុងប្រយ័ត្នចំពោះក្បួនខ្នាត អ្នករបាំ និងទីតាំងឱ្យបានសមរម្យ និងតំលៃមរតកមនុស្សជាតិ និងកេរដំណែលរបស់បុព្វបុរសខ្មែរផងដែរ។
សូមបញ្ជាក់ថា នៅក្នុងសម័យចក្រភពអង្គរ របាំនេះ ជារបាំសក្ការៈ រាំថ្វាយទេវៈ បួងសួងសុំសេចក្តីសុខ សិរីសួស្ដី ថ្វាយព្រះពរដល់ជាតិ និងប្រជាជន។