IMF ផ្តល់ហិរញ្ញប្បទានចំនួន ៥០ប៊ីលានដុល្លារអាម៉េរិក ដើម្បីដោះស្រាយបញ្ហាជំងឺ COVID-19

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ — កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) លោកស្រី Kristalina Georgieva  និងប្រធាន ធនាគារពិភពលោក (WB) លោក David Malpass បានចូលរួមសន្និសីទសារព័ត៌មានមួយនៅទី​ក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក។ កាលពីថ្ងៃពុធនេះ  ស្ថាប័នរៀបចំគោលនយោបាយរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានសន្យាផ្តល់ការគាំទ្រជាចាំបាច់ដើម្បីកាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុពីការរីករាលដាលនៃជំងឺ COVID-19។

កាលពីថ្ងៃពុធ ស្ថាប័នផ្តល់ប្រាក់កម្ចីពហុភាគីបានប្រកាសថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) មានថវិកាប្រមាណ ៥០ប៊ីលានដុល្លារអាម៉េរិក សម្រាប់ជាមធ្យោបាយផ្តល់ហិរញ្ញប្បទានបន្ទាន់របស់ខ្លួនទៅដល់ប្រទេសដែលមានប្រាក់ចំណូលទាបដើម្បីទប់​ទល់នឹងការរីករាលដាលនៃជំងឺ COVID-19។

នាយកគ្រប់គ្រងមូលនិធិ IMF លោកស្រី Kristalina Georgieva បាននិយាយនៅពេលដែលចូលរួមសន្និសីទសារព័ត៌មានមួយ​ជាមួយប្រធានធនាគារពិភពលោក លោក David Malpass ថា «យើងដឹងហើយថា ជំងឺនេះកំពុងតែរីករាល​ដាលយ៉ាងឆាប់រហ័ស។ ជាមួយនឹងសមាជិកជាងមួយភាគបីនៃសមាជិករបស់យើងដែលរងផលប៉ះពាល់ដោយផ្ទាល់ ដែលនេះមិនមែន​ជាបញ្ហាក្នុងតំបន់ទៀតទេ តែវាជាបញ្ហាសកលលោកដែលទាមទារឱ្យមានការឆ្លើយតបជាសកល»។

លោកស្រី Georgieva បាននិយាយថា «នៅក្រោមសេណារីយ៉ូណាមួយ កំណើនសកលលោកក្នុងឆ្នាំ ២០២០ នឹងធ្លាក់ចុះទាបជាងឆ្នាំមុន»។ កាលពីខែមករា IMF បានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងកើនឡើងពី ២,៩ភាគរយ កាលពីឆ្នាំមុន ដល់ ៣,៣ភាគរយនៅក្នុងឆ្នាំនេះ។ បន្ទាប់មក នៅក្នុងខែកុម្ភៈ វាត្រូវបានកែសម្រួលថា កំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២០ មានត្រឹម ៣,២ភាគរយប៉ុណ្ណោះ។

ប្រធាន IMF បាននិយាយថា «លោកស្រីមានការព្រួយបារម្ភជាពិសេសចំពោះសមាជិកដែលមានប្រាក់ចំណូលទាប និងងាយរងគ្រោះ – ដែលប្រទេសទាំងនេះអាចមើលឃើញនូវតម្រូវការហិរញ្ញប្បទានកើនឡើងយ៉ាងឆាប់រហ័ស នៅពេលដែលតម្លៃ​សេដ្ឋកិច្ច និងមនុស្សនៃការកើនឡើងនៃវីរុស»។

យោងតាមលោកស្រី Georgieva បានឱ្យដឹងថា សម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាប IMF បានផ្តល់ហិរញ្ញប្បទាន​បន្ទាន់ដល់ទៅ ១០ប៊ីលានដុល្លារអាម៉េរិក (៥០ភាគរយ​នៃកូតាសមាជិកដែលមានសិទ្ធិទទួលបាន) ដែលអាចទទួលបានដោយមិនចាំ​បាច់មានកម្មវិធី IMF ពេញលេញ។

លោកស្រីបាននិយាយថា សមាជិកផ្សេងទៀតអាចទទួលបានហិរញ្ញប្បទានបន្ទាន់ តាមរយៈឧបករណ៍ហិរញ្ញវត្ថុរហ័ស ដែលអាច​ផ្តល់ថិវកាប្រហែល ៤០ប៊ីលានដុល្លារអាម៉េរិក សម្រាប់ទីផ្សារកំពុងរីកចម្រើនដែលអាចមានសក្តានុពលទទួលយកការគាំទ្រផ្នែកហិរញ្ញវត្ថុ​នេះ៕

(ប្រភព ស៊ីនហួ បកប្រែដោយ លោក យា ចិន្តាខន្តី)