រុស្ស៊ីបង្កើនល្បឿននៃការបង្កើតវ៉ាក់សាំងសម្រាប់ជំងឺកូរ៉ូណាវីរុស

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ — ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី លោកស្រី Tatyana Golikova បាននិយាយនៅក្នុងកិច្ចប្រជុំមួយរវាង​ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និងសមាជិករដ្ឋាភិបាលរុស្ស៊ីកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីនឹងបង្កើនការអភិវឌ្ឍវ៉ាក់សាំងប្រឆាំង​នឹងមេរោគឆ្លងថ្មីកូរ៉ូណាវីរុសនេះ។

លោកស្រីបាននិយាយថា «បច្ចុប្បន្ននេះ មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ និងជីវសាស្រ្តវិទ្យាសាស្ត្ររដ្ឋ (VECTOR) ដែលមាន​ទីតាំងស្ថិតនៅក្នុងតំបន់ Novosibirsk កំពុងធ្វើការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងនឹងការឆ្លងមេរោគកូរ៉ូណាវីរុស ដោយធ្វើការទៅលើវ៉ារ្យ៉ង់ចំនួន ១៣ ក្នុង ៥តំបន់។ យើងកំពុងព្យាយាម ពន្លឿនការអភិវឌ្ឍថ្នាំទាំងនេះ ថាតើអាចធ្វើទៅបានឬយ៉ាងណា»។

នៅមុននេះ លោកស្រី Golikova បានជូនដំណឹងដល់អ្នកសារព័ត៌មានថា ប្រទេសរុស្ស៊ីមានការឆ្លងមេរោគកូរ៉ូណាវីរុសថ្មីនេះ​ហើយ។

កាលពីចុងខែធ្នូ ឆ្នាំ ២០១៩ អាជ្ញាធរចិនបានជូនដំណឹងដល់អង្គការសុខភាពពិភពលោក (WHO) អំពីការផ្ទុះឡើងនៃជំងឺរលាក​សួតធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមកនៅក្នុងទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន។ យោងតាមអាជ្ញាធរចិនបានឱ្យដឹងថា មនុស្ស ជាង ៨០.០០០នាក់បានឆ្លងវីរុសនេះនៅក្នុងប្រទេសនោះ។ ចំនួនអ្នកស្លាប់ប្រមាណជិត ៣.០០០នាក់ ខណៈដែលអ្នកជំងឺប្រមាណ ៥០.០០០នាក់បានជាសះស្បើយ។ អង្គការសុខភាពពិភពលោកបានប្រកាសអំពីការផ្ទុះឡើងនៃមេរោគកូរ៉ូណាវីរុសថ្មីថា ជាភាពអាសន្ន​ផ្នែកសុខភាពពិភពលោក ហើយបានដាក់ឈ្មោះវីរុសនេះថា COVID-19 ។ ករណីឆ្លងមេរោគកូរ៉ូណា    វីរុសនេះត្រូវបានគេរាយការណ៍ថា មាននៅក្នុងប្រទេសជាង ៧០ ដោយក្នុងនោះមានប្រទេសរុស្ស៊ីផងដែរ។ ការផ្ទុះដ៏ធំបំផុតនៃជំងឺ COVID-19 នៅក្រៅប្រទេសចិន ត្រូវបានគេរកឃើញនៅក្នុងប្រទេសកូរ៉េខាងត្បូងអ៊ីរ៉ង់ និង អ៊ីតាលី។

យោងតាមអង្គការសុខភាពពិភពលោកបានឱ្យដឹងថា ចំនួនមនុស្សដែលឆ្លងជំងឺ COVID-19 នៅខាងក្រៅប្រទេសចិនមាន​ប្រមាណជិត ១០.៥០០នាក់ ដែលក្នុងនោះមានមនុស្សជាង ១៦០នាក់បានស្លាប់៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)