រុស្ស៊ីរឹតបន្តឹងការនាំចេញម៉ាស់បិទមុខ និងទំនិញ វេជ្ជសាស្រ្តដទៃទៀតរហូតដល់ថ្ងៃទី ១ ខែមិថុនា

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ — រដ្ឋាភិបាលរុស្ស៊ីបានដាក់បម្រាមបណ្តោះអាសន្នលើការនាំចេញនូវមុខទំនិញ និងឧបករណ៍​វេជ្ជសាស្ត្រមួយចំនួន រួមមានម៉ាស់បិទមុខផ្នែកវេជ្ជសាស្រ្ត និងថ្នាំប្រឆាំងវីរុសផ្សេងៗ ចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ ២០១៩ ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ចំពេលដែលកំពុងមានការរីករាលដាលនៃមេរោគឆ្លងកូរ៉ូណាវីរុស។ បទបញ្ជាប្រតិបត្តិនេះត្រូវបានចុះហត្ថលេខា​ដោយនាយករដ្ឋមន្រ្តីរុស្ស៊ី លោក Mikhail Mishustin កាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ២០២០។

បទបញ្ជាប្រតិបត្តិនេះបានចែងថា «ដើម្បីដាក់បម្រាមបណ្តោះអាសន្នចាប់ពីកាលបរិច្ឆេទចូលជាធរមាននៃបទបញ្ជាប្រតិបត្តិនេះ រហូតដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការនាំចេញផលិតផលពីសហព័ន្ធរុស្ស៊ី យោងតាមបញ្ជីនៅក្នុងឧបសម្ព័ន្ធដោយលើកលែងការ​នាំចេញផលិតផលបែបនេះ ដើម្បីផ្តល់ជាអន្តរជាតិ ជំនួយមនុស្សធម៌ដល់រដ្ឋបរទេស ផ្អែកលើការសម្រេចចិត្តរបស់រដ្ឋាភិបាលរុស្ស៊ី ក៏ដូចជាការនាំចូលវត្ថុធាតុដើម និងរបស់របរប្រើប្រាស់ដែលជាផ្នែកនៃផលិតផលទាំងនេះដោយបុគ្គលម្នាក់ៗ»។

យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសរុស្ស៊ី បានឱ្យដឹងថា បញ្ជីផលិតផលបែបនេះរួមមានឧបករណ៍ការពារផ្លូវដង្ហើម វ៉ែនតាសុវត្ថិភាពវេជ្ជសាស្ត្រ ឈុតការពារជាតិគីមី ម៉ាស់បិទមុខផ្នែកវេជ្ជសាស្ត្រ ថ្នាំប្រឆាំងវីរុសមួយចំនួន និងស្រោមដៃពេទ្យជាដើម។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ី លោក Denis Manturov ត្រូវបានគេដកស្រង់សម្តីដែលបាននិយាយថា «ខ្ញុំសូមកត់សម្គាល់ថា ការហាមឃាត់នេះមិនអនុវត្តន៍ចំពោះការនាំចេញផលិតផលបែបនេះសម្រាប់ការផ្តល់ជំនួយមនុស្សធម៌អន្តរជាតិ ដល់បរទេស (រួមទាំងប្រទេសចិន) ផងដែរ»។

យោងតាមរបាយការណ៍មុនៗបានឱ្យដឹងថា  ក្នុងមួយថ្ងៃ ម៉ាស់បិទមុខផ្នែកវេជ្ជសាស្រ្តប្រមាណ ១,៥លាន ត្រូវបានផលិតឡើង​នៅក្នុង​ប្រទេសរុស្ស៊ី។

លោក Manturov បាននិយាយបន្ថែមថា បទបញ្ជាប្រតិបត្តិរបស់រដ្ឋាភិបាលនេះ គឺគោរពតាមបទប្បញ្ញត្តិនៃសន្ធិសញ្ញា​ស្តីពីសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី និងកិច្ចព្រមព្រៀងអន្តរជាតិដទៃទៀតដែលបានចុះហត្ថលេខាដោយប្រទេសរុស្ស៊ី។

កាលពីចុងខែធ្នូ ឆ្នាំ ២០១៩ ការផ្ទុះឡើងនូវជំងឺរលាកសួតធ្ងន់ធ្ងរដែលបណ្តាលមកពីវីរុស COVID-19 (ពីមុនត្រូវបានគេស្គាល់ ថា 2019-nCoV) ត្រូវបានគេរាយការណ៍នៅក្នុងទីក្រុង Wuhan របស់ប្រទេសចិន ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្មដ៏ធំមួយ ដែលមានប្រជាជន ១២លាននាក់រស់នៅ។ អង្គការសុខភាពពិភពលោក(WHO)បានប្រកាសថា ការឆ្លងវីរុសថ្មីនេះគឺជាភាពអាសន្នផ្នែកសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ ដោយពណ៌នាថា វាជាជំងឺរាតត្បាតដែលមានទីតាំងជាច្រើន។ ក្រៅពីប្រទេសចិន ការរីករាលដាលនៃមេរោគឆ្លងដ៏ធំនេះត្រូវបានគេរាយការណ៍នៅក្នុងប្រទេសកូរ៉េខាងត្បូង អ៊ីរ៉ង់ និងអ៊ីតាលី និង មានប្រទេសជាង ៧០ ទៀត ដែលរួមទាំងប្រទេសរុស្ស៊ីផង បានរាយការណ៍អំពីករណីឆ្លងវីរុសនេះ៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)