ក្រសួងព័ត៌មាន ព្រមានគេហទំព័រ Ko1ឲ្យកែតម្រូវមាតិការព័ត៌មានរបស់ខ្លួន ដោយដករូបភាពសាកសព និងអត្តសញ្ញាណជនរងគ្រោះដែលជាជនជាតិហ្វីលីពីន ចេញជាបន្ទាន់

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០៥ ០៣ ២០២០ ៖

ក្រសួងព័ត៌មាន ព្រមានគេហទំព័រ Ko1ឲ្យកែតម្រូវមាតិការព័ត៌មានរបស់ខ្លួន ដោយដករូបភាពសាកសព និងអត្តសញ្ញាណជនរងគ្រោះ ដែលជាជនជាតិហ្វីលីពីនចេញជាបន្ទាន់ ខណៈដែលពុំមានការយល់ព្រមពីសាមីខ្លួនឬក្រុមគ្រួសារជនរងគ្រោះ ព្រោះវាផ្ទុយពីការកំណត់ក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន និងបទប្បញ្ញត្តិផ្សេងទៀត ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មានបានដឹងថា លោក ឈឿន សុឡា ម្ចាស់គេហទំព័រ KO1 (w.klnews.com) កាលពីពេល ថ្មីៗនេះ បានបង្ហោះករណីនារីជនជាតិហ្វីលីពីនម្នាក់ ជាគ្រូបង្រៀនភាសាអង់គ្លេសនៅសាលាឯកជនមួយក្នុងរាជធានីភ្នំពេញ បានស្លាប់ភ្លាមៗក្នុងឧបទ្ទវហេតុមួយ ដែលកើតឡើងនៅក្នុងមូលដ្ឋាន ខណ្ឌសែនសុខកាល ពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ។ ករណីនេះ ត្រូវបានគេហទំព័រ www.kO1news.com ក៏ដូចជា FacebookPage K01 យករូបភាពជនរងគ្រោះ ភ្ជាប់ជាមួយនូវអត្តសញ្ញាណជនរងគ្រោះ ជាដើម ទៅបង្ហោះក្នុងគេហទំព័រ www.kO1news.com និង Facebook Page K01 ជាសាធារណៈ ដោយពុំមានការយល់ព្រមពីគ្រួសារជនរងគ្រោះ បង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងការឈឺចាប់យូរអង្វែងដល់ក្រុមគ្រួសារជនរងគ្រោះ និងបង្ហាញពីការមិនគោរពអនុវត្តនូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ដែលផ្ទុយពីការកំណត់ក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន និងបទប្បញ្ញត្តិផ្សេងទៀត។
ក្នុងន័យនេះអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ស្នើម្ចាស់គេហទំព័រ Ko1 កែតម្រូវមាតិកាខាងលើនេះ ដោយដករូបភាពសាកសព និងអត្តសញ្ញាណជនរងគ្រោះចេញជាបន្ទាន់ ។ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ចាត់ទុកការណែនាំនេះជាការព្រមានជាលើកទី១ ក្នុងករណីនៅតែបន្តសកម្មភាពផ្សព្វផ្សាយព័ត៌មានបែបនេះទៀតនៅថ្ងៃអនាគត អគ្គនាយកដ្ឋាននឹងចាត់វិធានការតាមផ្លូវច្បាប់ដែលមានចែងជាធរមាន។អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ជឿជាក់យ៉ាងមុតមាំថា លោក មឿន សុឡា ម្ចាស់គេហទំព័រ KO1 គោរពបានខ្ជាប់ខ្លួនប្រកបដោយប្រសិទ្ធភាពតាមការណែនាំខាងលើ ៕