ប្រព័ន្ឋស្រោចស្រពនិងរំដោះទឹកនៅខាងលិចបឹងទន្លេសាប ដំណាក់អំពិល-វត្តជ្រេ នឹងក្លាយជាប្រព័ន្ឋធារាស្រ្តបង្ហូរទឹកគំរូ

វិទ្យុជាតិកម្ពុជា លោក អ៊ឹម ភិរក្សនារីរតន: ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០៖

 ប្រព័ន្ឋស្រោចស្រពនិងរំដោះទឹកនៅខាងលិចបឹងទន្លេសាប ដំណាក់អំពិល-វត្តជ្រេ នឹងក្លាយជាប្រព័ន្ឋធារាស្រ្តបង្ហូរទឹកគំរូ ដែលនឹងចែកចាយទឹកស្រោចស្រពដើម្បីបម្រើឲ្យការបង្កបង្កើនផលរបស់ប្រជាកសិករនិងបានរួមចំណែកជួយបង្កើនប្រាក់ចំណូលនិងលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ។
នៅក្នុងកម្មវិធីដំណើរទស្សនកិច្ច គម្រោងស្ដារឡើងវិញនូវប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធរំដោះទឹកនៅខាងលិចបឹងទន្លេសាប លោក ព្រំ កន្ធែល អនុប្រធានមណ្ឌលសេវាបច្ចេកទេសប្រព័ន្ឋធារាសាស្រ្ត ឧត្តុនិយម នៃក្រសួងធនធានទឹកនិងឧតុនិយមមានប្រសាសន៍ថា គម្រោងនេះ មានទីតាំងស្ថិតនៅក្នុងខេត្តចំនួន៣ ទី១ ខេត្តបាត់ដំបង ទី២ ខេត្តពោធិ៍សាត់ និងទី៣ ខេត្តកំពង់ឆ្នាំង ដែលមានអានុគម្រោងចំនួន៦រួមមាន ទី១ រាមកុន ទី២ ប្រឡាយពោធិ៍ ទី៣ ដំណាក់អំពិល ទី៤ វត្តហ្លួង ទី៥ វត្តជ្រេ នឹងទី៦ លំហាច ។ លោកបញ្ជាក់ថា គម្រោងស្ដារឡើងវិញនូវប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធរំដោះទឹកនៅខាងលិចបឹងទន្លេសាប ទាំង៦គម្រោងមកដល់ពេលនេះសម្រេចបាន៨០ដល់៩០ភាគរយហើយ ដែលស្រោចស្រពដំណាំស្រូវលើផ្ទៃដីប្រមាណជាង១ម៉ឺន៤ពាន់ហិចតា។តាមរយៈគម្រោងនេះអាចជួយបង្កើនទិន្នផលស្រូវពី២តោនទៅដល់៤ តោនក្នុង មួយហិកតា ហើយអាចបង្កបង្កើនផលបាន២ដងក្នុងមួយឆ្នាំផងដែរ។
សូមបញ្ជាក់ថា តំបន់បឹងទន្លេសាបខាងលិចគឺជាឃ្លាំងមួយដ៏សំខាន់បំផុតរបស់ប្រទេសកម្ពុជាដែលបានរក្សាស្ថិរភាពនិងការបង្កបង្កើនផលិតកម្មស្រូវនៅក្នុងតំបន់ ហើយមានសារៈសំខាន់បំផុតសំរាប់ប្រទេសកម្ពុជា៕