នាវាទេសចរណ៍ VASCO DE GAMA នាំភ្ញៀវទេសចរធ្វើទស្សនកិច្ចនៅកម្ពុជា តាមច្រកកំពង់ផែសមុទ្រ

AKP ព្រះសីហនុ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ — តាមមន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត  ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ នាវាទេសចរណ៍មួយគ្រឿងមានឈ្មោះ VASCO DE GAMA  បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ១.០០០នាក់ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលមួយថ្ងៃប្រកបដោយសុវត្ថិភាព មុននឹងធ្វើដំណើរចាកចេញពីកម្ពុជាទៅកាន់ប្រទេសថៃ។

នាវាទេសចរណ៍ VASCO DE GAMA  មានសញ្ជាតិ BAHMAS មានបណ្តោយប្រវែង ២១៩.៤០ម៉ែត្រ ទទឹង ៣០.៨០ម៉ែត្រ ជម្រៅទឹក ៧.៨០ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ១៣សញ្ជាតិ មកពីប្រទេសថៃ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីវេលាម៉ោង៧ និង៣០នាទិ ព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០។ នាវានេះមានគម្រោងចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសថៃ នៅវេលាម៉ោង ១៦រសៀលថ្ងៃដដែល ។

ភ្ញៀវទេសចរធ្វើដំណើរតាមនាវា VASCO DE GAMA មានចំនួន ៦៩៦នាក់ ស្រី ៣៧៧នាក់ មាន ១៣សញ្ជាតិ និងមាន​នាវិកសរុបចំនួន ៥៥០នាក់ ស្រី ៧១នាក់ មាន ២៨សញ្ជាតិ ។

ក្នុងឱកាសចូលចតរបស់នាវា VASCO DE GAMA នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋានមួយចំនួន មានដូចជា វត្តក្រោម ឆ្នេរសុខា ស្ថិតក្នុងសង្កាត់លេខ៣ ផ្សារលើក្រុងព្រះសីហនុ និងតំបន់រមណីយដ្ឋានរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ទន្ទឹមនឹងនោះបញ្ហាសុខភាពរបស់ភ្ញៀវទេសចរបរទេសតាមនាវា ក៏ត្រូវបានត្រួតពិនិត្យផងដែរ ដើម្បីធានាសុខុមាលភាពសម្រាប់ប្រជាពលរដ្ឋខេត្តព្រះសីហនុផងដែរ ៕

ដោយ ងូ សុមុនី