ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឲ្យប្រជាពលរដ្ឋទៅលេងកម្សាន្តបុណ្យទន្លេនៅខេត្តបាត់ដំបង នាពេលខាងមុខនេះឲ្យបានច្រើនកុះករ

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា ០៥.៣.២០២០៖

សម្តេច តេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅលេងកម្សាន្តបុណ្យទន្លេ នៅខេត្តបាត់ដំបង ដែលមានរយៈពេល៣ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នាចុងសប្ដាហ៍ក្រោយនេះ ឲ្យបានច្រើនកុះករ។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩និងលើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងសុខាភិបាល កាលពីល្ងាចថ្ងៃទី៤ ខែមីនា ថា កន្លងមកមានប្រជាពលរដ្ឋខ្មែរ ជាង១លាននាក់ យកប្រាក់ទៅចំណាយនៅក្រៅប្រទេស ប៉ុន្ដែឥលូវនេះ គឺមានការរៀបចំកម្មវិធីជាច្រើន នៅក្នុងស្រុកដើម្បីឲ្យប្រជាពលរដ្ឋមានឱកាសសប្បាយរីករាយ ដូច្នេះសូមប្រជាពលរដ្ឋ ដែលចូលចិត្តដំណើរកំសាន្តនៅក្រៅប្រទេស ងាកមកដំណើរសំសាន្តនៅក្នុងស្រុកវិញ ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុក។
សម្តេចតេជោ បានបន្តថា ពិធីបុណ្យទន្លេឆ្នាំនេះ មានលក្ខណៈកាន់តែវិសេសវិសាល ដោយសារខេត្តបាត់ដំបង ត្រូវបានចាត់ទុក ជាជម្រុកស្រូវរបស់ប្រទេសកម្ពុជា ជាទីក្រុង បេតិកភណ្ឌ ដែលគ្រោងដាក់បញ្ចូល ក្នុងបញ្ជីអង្គការ UNESCO មានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់គ្រប់គ្រាន់ ជាទីក្រុងបណ្ដុំ ទៅដោយម្ហូបអាហារឆ្ងាញ់ៗ និងប្លែកៗ។លើសពីនោះទៀត មានចម្ការទំពាំងបាយជូរ និងសំបូរទៅដោយ រមណីយដ្ឋានជាច្រើន ទាំងទេសចរណ៍បេតិកភណ្ឌសំណង់បុរាណ ផ្ទះបុរាណអាយុជាង១០០ឆ្នាំ សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បន្ទាយសត្វស្លាបព្រែកទាល់ និងគោលដៅកសិ-ទេសចរណ៍ និងទេសចរណ៍ធម្មជាតិជាច្រើនកន្លែងទៀត។
«សូមអញ្ជើញប្រជាពលរដ្ឋទៅលេងនៅខេត្តបាត់ដំបងនៅថ្ងៃទី ១៣ដល់ថ្ងៃទី១៥ ដើម្បីចូលរួម បុណ្យទន្លេព្រោះយើងចង់ឲ្យប្រជាពលរដ្ឋយើងសប្បាយនៅក្នុងស្រុកចំណាយនៅក្នុងស្រុកឲ្យបានច្រើន ពីមុននេះប្រជាពលរដ្ឋយើង ជាង ១ លាននាក់យកប្រាក់ទៅចំណាយនៅក្រៅប្រទេស ឥឡូវនេះគឺរៀបចំកម្មវិធី អរគុណចំពោះទូរទស្សន៍នានានិងក្រុមហ៊ុននានាដែលត្រូវធ្វើការប្រគុំតន្ត្រីតាមបណ្ដាលខេត្ត ដើម្បីឲ្យប្រជាពលរដ្ឋយើងបានកម្សាន្តសប្បាយនៅទីកន្លែងនោះ ថ្ងៃទី ១៤ ខ្ញុំត្រូវទៅដេកនៅទីរួមខេត្តបាត់ដំបងតែម្ដងឆ្នាំនេះ ខ្ញុំត្រូវតែទៅសម្រាកនៅខេត្តបាត់ដំបង ចឹងយើងនាំគ្នាសប្បាយនៅបាត់ដំបង ហើយខ្វះអ្វីក្រូចពោធិ៍សាត់ផ្លែឈើបាត់ដំបង នៅប៉ៃលិនអីសុទ្ធតែតំបន់ប្រមូលផ្ដុំដាក់ឱ្យមានការចំណាយនៅក្នុងស្រុក ។ ចំណុចទាំងអស់នេះយើងនៅធ្វើបានប្រជាពលរដ្ឋរបស់យើងមុននេះនាំគ្នាភ័យខ្លាច នោះភ័យដល់ពេលដែលខ្ញុំចេញមកបញ្ជាក់ថាជំងឺពិតប្រាកដរបស់យើងមិនមែនជាជំងឺ COVID-19នោះទេគឺជាជម្ងឺភ័យខ្លាច»៕