រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បញ្ជាឱ្យបង្កើនប្រសិទ្ធភាពលុបបំបាត់ការចរាចរណ៍គ្រឿងញៀនក្នុងស្រុក និងឆ្លងកាត់ព្រំដែន

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ៖

រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បញ្ជាឱ្យបង្កើនប្រសិទ្ធភាពលុបបំបាត់ការចរាចរណ៍គ្រឿងញៀនក្នុងស្រុក និងឆ្លងកាត់ព្រំដែន ដើម្បីទប់ស្កាត់ការរីករាលដាលគ្រឿងញៀញដល់ជនបទក្នុងការធានាឱ្យភូមិឃុំមានសុវត្ថិភាព។

សម្ដេចក្រឡាហោម ស ខេង ឧបកនាយរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានណែនាំឱ្យមន្រ្ដីក្រោមឱវាទបន្ដធ្វើយុទ្ធនាការណ៍បោសសំអាតគ្រឿងញៀនឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុតចំពោះទីតាំងណាដែលមានការប្រើប្រាស់ និងចែកចាយគ្រឿងញៀននៅលើទីផ្សារក្នុងស្រុក និងឈានការធ្វើចរាចរណ៍ចេញចូលឆ្លងកាត់តាមព្រំដែននៃប្រទេសជិតខាង ។
ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលអភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ នៅសាលាខេត្តកណ្ដាល សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ការធ្វើយុទ្ធធានាការណ៍បោសសំអាតគ្រឿងញៀនក្នុងស្រុក និងឆ្លងកាត់ព្រំដែននេះ គឺមានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាទប់ស្កាត់ការរីករាលដាលគ្រឿងញៀញនៅទូទាំងប្រទេស។
សម្ដេចក្រឡាហោម បានប្រកាសផ្ដល់ថវិកាដល់មន្រ្ដីនគរបាលណាដែលមានស្នាដៃក្នុងការរឹបអូសគ្រឿងញៀនបានច្រើន ហើយការទទួលបានថវិកានេះ គឺមានតម្លាភាព និងមានភាពត្រឹមត្រូវ ដើម្បីលើកទឹកចិត្ដដល់មន្រ្ដីនគរបាលក្នុងការលុបបំបាត់គ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន។
សូមបញ្ជាក់ថា ក្នុងរយៈពេលធ្វើយុទ្ធនាការណ៍បោសសំអាតគ្រឿងញៀននាពេលកន្លងមក អាជ្ញាធរបានរឹបអូសគ្រឿងញៀញបានជាង១តោន និងឃាត់ខ្លួនមនុស្សបានជាច្រើននាក់៕