អូស្រ្ដាលី ស្នើសុំឱ្យអាកាសចរណ៍ស៊ីវិលគាំទ្រឱ្យមានការហោះហើរត្រង់ពីប្រទេស​អូស្ត្រាលី មកកាន់កម្ពុជា ដើម្បីដឹកអ្នកទេសចរជាង២០០នាក់មកទស្សនាកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ — ឯកឧត្ដម Plabo Kang ឯកអគ្គរដ្ឋទូត អូស្ត្រាលីប្រចាំប្រទេសកម្ពុជាបានស្នើសុំរដ្ឋ​លេខា​ធិ​ការដ្ឋានអាកាសចរណ៍ស៊ីវិលគាំទ្រឱ្យមានការហោះហើរត្រង់ពីប្រទេសអូស្រ្ដាលីមក​កាន់​កម្ពុជា ដោយក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី Quantas ដែលនឹងដឹកអ្នក​ទេសចរចំនួន​ជាង​២០០នាក់ ដើម្បីមកទស្សនានៅក្នុងប្រទេសកម្ពុជា។ ការលើកឡើងរបស់ឯកឧត្ដម ឯកអគ្គ​រដ្ឋ​ទូត​អូស្រ្ដាលីនេះ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម នាយឧត្តម​សេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍​ស៊ីវិល កាលពីព្រឹកថ្ងៃពុធ ១១ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០។ នេះបើយោងតាមការផ្សាយរបស់រដ្ឋលេខាធិការ​ដ្ឋាន​​អាកាសចរណ៍​ស៊ីវិល។

ឯកឧត្ដម Plabo Kang បានស្នើសុំឯកឧត្ដមបណ្ឌិតរដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការ​ដ្ឋាន​​អាកាសចរណ៍​ស៊ីវិល គាំទ្រឱ្យមានការហោះហើរត្រង់(Charter Flight) ពីប្រទេសអូស្ត្រាលី ដែលរៀបចំដោយក្រុមហ៊ុនទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី Quantas ដឹក​អ្នក​ទេសចរដែលមានចំនួនជាង២០០នាក់ ដើម្បីមកទស្សនាប្រទេសកម្ពុជាមុនគេ​ជាពិសេស​មកទស្សនាខេត្តសៀមរាប មុននឹងបន្តដំណើរទៅកាន់ទិសដៅប្រទេសផ្សេងៗទៀត។ ឯកឧត្ដម​សង្ឃឹមថា តាមរយៈការហោះហើរត្រង់នេះ ទេសចរណ៍នៅក្នុងប្រទេសកម្ពុជា​នឹង​មាន​ការកើនឡើងនាពេលឆាប់ៗខាងមុខ។

ឯកឧត្ដម ឯកអគ្គរដ្ឋទូតបានលើកឡើងថា អូស្ត្រាលី និងកម្ពុជាមានទំនាក់​ទំនងការ​ទូតដោយផ្តោតលើវិស័យសំខាន់ៗ រួមមាន ការពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ការបង្កើនការធ្វើពាណិជ្ចកម្ម ការជំរុញវិស័យទេសចរណ៍ និងការបណ្តុះបណ្តាលធន​ធាន​មនុស្ស ព្រមទាំងការកសាងសមត្ថភាពស្ថាប័ន។ ឯកឧត្ដម ឯកអគ្គរដ្ឋទូតបានកោតសរសើរ​ដល់ប្រទេស​កម្ពុជាដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងការពង្រឹងទំនាក់​ទំនង​ការទូតរវាងប្រទេសទាំងពីរ ក្នុងរយ:ពេល៧០ឆ្នាំកន្លងទៅនេះគឺមានភាពល្អប្រសើរ ដែលជារៀងរាល់ឆ្នាំមានភ្ញៀវទេសចរអូស្ត្រាលី​ប្រមាណ ១៥ម៉ឺននាក់មកទស្សនានៅកម្ពុជា ។

ជាមួយគ្នានេះ ឯកឧត្ដម Plabo Kang ក៏បានកោតសរសើរដល់វិស័យអាកាសចរណ៍​កម្ពុជា ដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់នាពេលបច្ចុប្បន្ន បើទោះបីជាមាន​ការធ្លាក់​ចុះតិចតួចដោយសារតែវិបត្តិមេរោគCOVID-19 យ៉ាងណាក៏ដោយ  ដែលបញ្ហានេះ គឺជាការ​ធ្លាក់​ចុះសកល។ ឯកឧត្ដមឯកអគ្គរដ្ឋទូតបង្ហាញក្ដីសង្ឃឹមថា បញ្ហានេះ នឹងមានការរីកចម្រើន​ខ្លាំងបន្ទាប់ពី វិបត្តិ មេរោគ COVID 19ត្រូវបានបញ្ចប់។

ជាការឆ្លើយតប ឯកឧត្ដម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួល​បន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឯកភាព គាំទ្រ និងស្វាគមន៍ ចំពោះការការស្នើ​ហោះហើរត្រង់(Charter Flight) ពីប្រទេសអូស្ត្រាលី មកកាន់កម្ពុជា ដែលរៀបចំដោយ​ក្រុមហ៊ុនទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី Quantas ដឹកអ្នកទេសចរដែល​មានចំនួនជាង២០០នាក់មកទស្សនាប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខ។

ឯកឧត្ដមបណ្ឌិតបានស្នើសុំឱ្យភាគីអូស្ត្រាលី ជួយដល់រដ្ឋលេខាធិការដ្ឋានអាកាស​ចរណ៍​ស៊ីវិលលើជំនួយបច្ចេកទេសផ្នែកសុវត្ថិភាព សន្តិសុខ និងការបណ្តុះបណ្តាលធនធាន​មនុស្សលើវិស័យអាកាសចរស៊ីវិលផងដែរ៕

ដោយ អ៊ុន រិទ្ធី