គ.ជ.ប ណែនាំឲ្យមន្ត្រីចុះឈ្មោះអ្នកបោះឆ្នោតសហការជាមួយអាជ្ញាធរមូលដ្ឋាន

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី

គ.ជ.ប ណែនាំឲ្យមន្ត្រីចុះឈ្មោះអ្នកបោះឆ្នោតសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីសម្រួលឲ្យប្រជាពលរដ្ឋដែលទើបគ្រប់អាយុចុះឈ្មោះ និងអ្នកមិនទាន់បានចុះឈ្មោះពីមុនមកចុះឈ្មោះបានគ្រប់ៗគ្នា បើទោះបីជាមិនទាន់ដល់ឆ្នាំបោះឆ្នោត។
ថ្លែងក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ នាទីស្តីការ គ.ជ.ប នារសៀលថ្ងៃទី៤ ខែមីនានេះ ឯកឧត្តម ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធចូលរួមសហការ និងចូលរួមអនុវត្តតាមតួនាទីលើការងារពិនិត្យ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ឲ្យសម្រេចបានជោគជ័យ។
សូមបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ទូទាំងប្រទេស នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៣ ខែឧសភាខាងមុខនេះ ដើម្បីឲ្យប្រជាពលរដ្ឋកែតម្រូវឈ្មោះ ឬទិន្នន័យដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ ការចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ប្រជាពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ១៨ឆ្នាំ ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅ ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី ការស្រង់ និងលុបឈ្មោះអ្នកបោះឆ្នោតដែលបានទទួលមរណភាព អ្នកដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន ដើម្បីធានាឲ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយ សុវត្ថិភាព។
បញ្ជីបោះឆ្នោត ឆ្នាំ២០១៩ មានប្រជាពលរដ្ឋកម្ពុជាសរុប ចំនួន ជាង៨លាន៦២ម៉ឺននាក់ ស្មើនឹង៨៤,៧៤ភាគរយ នៃចំនួនប្រជាពលរដ្ឋ ដែលត្រូវប៉ាន់ស្មាន់គ្រប់អាយុ បោះឆ្នោត សរុប៕