រដ្ឋបាលព្រៃឈើ ប្រកាសច្រានចោលព័ត៌មានមិនពិតដែលផ្សព្វផ្សាយថា ក្រសួងកសិកម្មឃុបឃិតគ្នាជាមួយក្រុមហ៊ុនធី.អេស.អិម ក្នុងការដេញថ្លៃលក់វត្ថុតាងបទល្មើសផលនិងអនុផលព្រៃឈើ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 04,03,2020


រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះនៅលើបណ្ដាញសារព័ត៌មានក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយព័ត៌មាន ដោយដាក់ការសង្ស័យមកលើក្រសួងថា បានឃុបឃិតគ្នាជាមួយក្រុមហ៊ុនធី.អេស.អិម ដោយដេញថ្លៃតាមរបៀបចងមុងស្ងាត់ៗ លើការចរចារពិគ្រោះថ្លៃលក់វត្ថុតាងបទល្មើសផល អនុផលព្រៃឈើដែលបង្រ្កាបដោយគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតស្ថិតក្នុងខេត្តមណ្ឌលគីរី ខេត្តក្រចេះនិងត្បូងឃ្មុំ និងបានអនុញ្ញាត ឱ្យបង្កើតរោងម៉ាស៊ីនអារកែច្នៃឈើ នៅលើទីតាំងស្តុកឈើនៅកណ្ដាលព្រៃ ។
តាមសេចក្តីប្រកាសព័ត៍មាន របស់រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា ក្រុមហ៊ុន ធី.អេស.អិម.ដាប់ប៊ែលយូ ឯ.ក ដែលមានលោកសូ សារ៉ាន ជាអភិបាលក្រុមហ៊ុន បានទទួលជ័យលាភីក្នុងការដេញថ្លៃលក់វត្ថុតាងបទល្មើសផល អនុផលព្រៃឈើដែលបានបង្ក្រាបមានបរិមាណឈើសរុបជាង ៧៣៨៥ម៉ែត្រគូប ដោយការអនុវត្តនីតិវិធីមានតម្លាភាពនិងត្រឹមត្រូវ ដោយមានសមាសភាពចូលរួម ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងរដ្ឋបាលព្រៃឈើ ដោយបានដេញចាប់ពីតម្លៃមូលដ្ឋានស្មើនឹងទឹកប្រាក់សរុបចំនួន៤ ០៥១ ២៩០ ០៩៦រៀល រហូតដល់ជ័យលាភីតម្លៃស្មើនឹងទឹកប្រាក់សរុបចំនួន ៥ ៦០០ ០០០ ០០០ រៀល ។
ប្រភពដដែលបានបន្តថា ការដឹកជញ្ជូនឈើមូលត្រូវបានហាមឃាត់ ហើយបញ្ហាភ្លើងព្រៃដែលប៉ះពាល់ឈើទាំងនោះ ដូច្នេះតម្រូវឲ្យក្រុមហ៊ុនត្រូវបង្កើតរោងម៉ាស៊ីនអារកែច្នៃឈើចំនួន ៤ កន្លែងស្ថិតនៅទីនោះផ្ទាល់ ក្នុងខេត្តមណ្ឌលគិរី ដែលមានសុពលភាពរយៈពេល៥ខែតែប៉ុណ្ណោះ។ការគ្រប់គ្រងចរាចរឈើ រដ្ឋបាលខេត្តមណ្ឌលគិរី បានចាត់សមាសភាពក្រុមការងារខេត្ត ដើម្បីចុះត្រួតពិនិត្យទីតាំងបង្កើតរោងម៉ាស៊ីនអារកែច្នៃឈើ និងផ្ទៀងផ្ទាត់បរិមាណឈើដេញថ្លៃដើម្បីលើកឡើងរថយន្ត តាមលិខិតបង្គាប់ការ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២០ ៕
ដូច្នេះ សូមបណ្តាញសារព៍ត៌មាន និងសាធារណជន កុំមានការភាន់ច្រឡំចំពោះបញ្ហានេះ។