ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យអ្នកសិល្បៈនិងនិស្សិតក្លាយជាសកម្មជនអប់រំ ក្នុងការប្រយុទ្ធប្រឆាំងជំងឺ COVID-19

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី ០៤ មីនា ២០២០៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យសិល្បករ សិល្បការិនី និងនិស្សិត ទាំងអស់ ត្រូវធ្វើជាសកម្មភាពអប់រំដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសាររបស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធនឹងវីរុសកូរ៉ូណា ឬ Covid-19 ដែលកំពុងរីករាលដាល ខណៈកម្ពុជាគ្មានវីរុសដ៏កាចសាហាវនេះឡើយ។
ក្នុងឱកាសអញ្ជើញប្រាព្ធទិវាវប្បធម៌ជាតិ៣មីនា ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ កាលពីល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានក្រើនរំលឹក ទាំងសិល្បករ សិល្បការិនី សិស្ស និស្សិត ក៏ត្រូវដើរតួនាទីជាអ្នកអប់រំ បង្កើតភាពអនាម័យ ការពារខ្លួនពីការឆ្លងជំងឺនេះ។
«ខ្ញុំក៏ចង់ឲ្យសិល្បករ សិល្បការិនីរបស់យើងទាំងអស់ដែលនៅទីនេះ ព្រមទាំងនិស្សិត សិស្សដែលចូលរួម នៅក្នុងពិធីនាថ្ងៃនេះ ក្លាយទៅជាសកម្មជន ដើម្បីអប់រំពលរដ្ឋរបស់យើង ក្រុមគ្រួសាររបស់យើង ដើម្បីប្រយុទ្ធប្រឆាំង នឹងមេរោគ Covid-19 ឬហៅថាកូរ៉ូណាថ្មី។ ធ្វើយ៉ាងណាយើងខិតខំការពារជំងឺនេះ ដែលមកដល់ម៉ោងនេះ ពុំទាន់មានវត្តមានជំងឺនេះ នៅក្នុងព្រះរាជាណាចក្រកម្ពុជាទេ។ សង្ឃឹមថា យើងនឹងដើរតួនាទីជាអ្នកអប់រំ ដើម្បីនឹងបង្កើតភាពអនាម័យការពារខ្លួន ពីការឆ្លងរីករាលដាល នៃជំងឺកូរ៉ូណាថ្មី ធ្វើយ៉ាងមិចខិតខំ ដើម្បីបំផុសឲ្យប្រជាពលរដ្ឋរបស់យើង ឲ្យបុគ្គលម្នាក់ៗ គ្រួសារនីមួយៗ បង្កើតអនាម័យ ខិតខំអនាម័យ ព្រោះការមិនអនាម័យនោះ វានាំទៅដល់ជំងឺទាំងឡាយ ដែលមិនមែនគ្រាន់តែ Covid-19 ជំងឺគ្រប់ប្រភេទនឹងអាចចូលមកដល់»។
សម្ដេចតេជោ បន្ថែមថា សិល្បករ សិល្បការិនីទាំងអស់ ត្រូវចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលបំផុសឲ្យមានការភ័យខ្លាច ហើយសម្ដេចសង្ឃឹមថា សិល្បករ សិល្បការិនីរបស់យើងគ្រប់ទម្រង់ នឹងក្លាយទៅជាសកម្មជន នៃការប្រយុទ្ធប្រឆាំង នៃព័ត៌មានក្លែងក្លាយ ទាក់ទងទៅនឹងជំងឺដ៏កាចសាហាវនេះ។
សូមបញ្ជាក់ថា យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា រហូតមកដល់ពេលនេះ ពុំទាន់មានប្រជាជនកម្ពុជាណាម្នាក់ ត្រូវបានរកឃើញមានជំងឺកូវីដ១៩ នោះទេ៕