ទីក្រុងព្រុចសែលបញ្ជូនកងការពាររបស់សហភាពអឺរ៉ុបទៅកាន់ ព្រំដែនប្រទេសក្រិច ចំពេលដែលជនភៀសខ្លួនចូលជ្រៀតជ្រែក

AKP ភ្នំពេញ  ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ — ជនភៀសខ្លួនរាប់ពាន់នាក់ដែលបានភៀសខ្លួនចេញពីសង្រ្គាមនៅប្រទេសស៊ីរី បានប្រមូលផ្តុំគ្នានៅឯ​ព្រំដែនរវាងប្រទេសតួកគី និងប្រទេសក្រិក ដោយរង់ចាំឆ្លងចូលសហភាពអឺរ៉ុប។ ប្រទេសក្រិកដែលមានជន​អន្តោប្រវេសន៍​ជាង៤០.០០០នាក់បានភៀសខ្លួនចូលរួចទៅហើយ នៅក្នុងជំរុំដែលចង្អៀតណែនយ៉ាងខ្លាំងដែលគេហៅថា ការហូរចូលនៃការ​គំរាមកំហែង​ដល់សន្តិសុខជាតិ។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសអំពីការដាក់ពង្រាយក្រុមអន្តរាគមន៍រហ័ស Frontex ដើម្បីទប់ទល់ទៅនឹងជនភៀសខ្លួនដែលព្យាយាមឆ្លងចូលសហភាពអឺរ៉ុបពីប្រទេសតួកគី។

លោកស្រី Von der Leyen ដែលបច្ចុប្បន្នកំពុងធ្វើទស្សនកិច្ចនៅព្រំដែនក្រិក និងតួកគីបាននិយាយថា កិច្ចខិតខំប្រឹងប្រែងនេះ​នឹងរួមបញ្ចូលទាំងទូក យន្តហោះ និងឆ្មាំព្រំដែន។ លោកស្រីក៏បានសន្យាផ្តល់ជំនួយហិរញ្ញវត្ថុចំនួន ៧០០លានអឺរ៉ូ ដល់ប្រទេសក្រិកផង​ដែរ។

បន្ទាប់ពីធ្វើទស្សនកិច្ចនៅព្រំដែនរួច លោកស្រី von der Leyen បាននិយាយប្រាប់នាយករដ្ឋមន្ត្រី ក្រិកថា «ការព្រួយបារម្ភរបស់​ក្រិក គឺជាការព្រួយបារម្ភរបស់យើង»។ លោកស្រីបាននិយាយបន្ថែមទៀតថា ជនចំណាកស្រុកទាំងនោះ «ត្រូវបានល្បួងតាមរយៈការ​សន្យាមិនពិត​ក្នុងស្ថានភាពនេះ»។

វាកើតឡើងនៅពេលអ្នកស្វែងរកសិទ្ធិជ្រកកោនជាង ១៥.០០០នាក់ បានប្រមូលផ្តុំគ្នានៅចំណុចឆ្លងកាត់ព្រំដែន បោះជំរុំនៅទី​វាល ខណៈដែលពួកគេស្វែងរកការចូលទៅក្នុងសហភាពអឺរ៉ុប។

ប្រធានាធិបតីតួកគី លោក Erdogan កាលពីសប្តាហ៍មុនបានប្រកាសថា លោកនឹងមិនបញ្ឈប់ពួកគេពីការប៉ុនប៉ងឆ្លងចូលទៅ​ក្នុងប្រទេសក្រិកទេ ដោយលោកបាននិយាយថា មនុស្សប្រហែលមួយពាន់នាក់បានទៅដល់កោះ Aegean ភាគខាងកើតរបស់ខ្លួនរួចទៅ​ហើយចាប់តាំងពីព្រឹកថ្ងៃអាទិត្យ។

ប្រទេសតួកគីដែលទទួលជនភៀសខ្លួនស៊ីរីប្រមាណ ៣,៧លាននាក់ បានបើកការជំរុញជនភៀសខ្លួននៅក្នុងប្រទេសក្រិក ដែលជាទស្សនៈដើម្បីបង្កើនការគាំទ្ររបស់អឺរ៉ុបចំពោះជម្លោះរបស់ខ្លួនជាមួយ Bashar al-Assad នៃប្រទេសស៊ីរី។

រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ក្រិក លោក Adonis Georgiadis បានហៅព្រឹត្តិការណ៍នេះថា ជាការលុកលុយដែលបានរៀបចំឡើងពី​ប្រទេសក្រៅ ខណៈដែលរដ្ឋាភិបាលបដិសេធមិនបើកទ្វារព្រំដែន និងក្រុមល្បាតក្រិកព្យាយាមរារាំងជនភៀសខ្លួនមិនឱ្យចូល៕

(ប្រភព Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)