៥១ករណីនៃការឆ្លងមេរោគកូរ៉ូណាវីរុសត្រូវបានបញ្ជាក់នៅចក្រភពអង់គ្លេស

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ — ការផ្ទុះឡើងនៃជំងឺ  COVID-19 បានរីករាលដាលយ៉ាងខ្លាំងនៅពាសពេញពិភពលោកក្នុង​រយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ នៅមុននេះ រដ្ឋាភិបាលចក្រភពអង់គ្លេសបានបង្ហាញអំពីផែនការរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការរីក​រាលដាលនៃវីរុសឆ្លង​កូរ៉ូណាវីរុសនេះ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលចក្រភពអង់គ្លេស លោក Matt Hancock បាននិយាយថា ចំនួនករណីឆ្លងមេរោគកូរ៉ូណាវីរុសនៅ​ប្រទេសអង់គ្លេសបានកើនឡើងដល់ចំនួន ៥១នាក់ហើយ។

លោក Hancock បាននិយាយប្រាប់សភាថា «គិតត្រឹមម៉ោង ៩:០០នាទីព្រឹកថ្ងៃអង្គារ មានករណីចំនួន ៥១ ត្រូវបានបញ្ជាក់នៅ​ក្នុងចក្រភពអង់គ្លេស ហើយវាទំនងជាយើងនឹងឃើញមានការឆ្លងរាលដាលកាន់តែច្រើនទៀតនៅក្នុងប្រទេសនេះ»។

នៅមុននេះ រដ្ឋាភិបាលបានចេញផ្សាយ «ផែនការប្រយុទ្ធ» របស់ខ្លួនសម្រាប់ការដោះស្រាយការរីករាលដាលនៃមេរោគឆ្លងនេះ ដោយរួមមានការបិទសាលារៀន និងទូរគមនាគមន៍ដែលអាចធ្វើទៅបាន។

ជំងឺ COVID-19 បានឆ្លងដល់មនុស្សជាង ៩០.០០០នាក់ នឹងបានសម្លាប់មនុស្សជាង ៣.១០០នាក់នៅទូទាំងពិភពលោក។ ទន្ទឹមនឹងនេះ អ្នកជំងឺប្រមាណជិត ៤៨.០០០នាក់បានជាសះស្បើយហើយ។

ប្រទេសចិនជាប្រទេសឈានមុខគេក្នុងការឆ្លងមេរោគនេះនៅទូទាំងពិភពលោក បើទោះបីជាមានការធ្លាក់ចុះល្បឿននៃករណីឆ្លង​ដែលបានរាយការណ៍ក៏ដោយ។ មានប្រទេសជាង ៦០ បានបញ្ជាក់អំពីការឆ្លងមេរោគនេះនៅទូទាំងពិភពលោក ដោយក្នុងនោះ ប្រទេសកូរ៉េខាងត្បូង អ៊ីតាលី និងអ៊ីរ៉ង់ បានប្រកាសអាសន្ននៃការរាលដាលឆ្លងមេរោគនេះកាលពីខែមុន៕

(ប្រភព Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)