ស្ថានភាពសង្គមសេដ្ឋកិច្ចវៀតណាមនៅតែមានស្ថិរភាព បើទោះបីជាមានការរីករាលដាលជំងឺ COVID-19 ក៏ដោយ

AKPភ្នំពេញ  ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ — នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បាននិយាយថា បើទោះបីជាមានការ​លំបាកនៃការរាលដាលនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរដែលបណ្តាលមកពីមេរោគកូរ៉ូណាវីរុស SARS-CoV-2 (COVID-19) ក៏ដោយ ក៏ស្ថានភាពសង្គមសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ នៅតែមានស្ថិរភាពដដែល។

នៅក្នុងកិច្ចប្រជុំជាប្រចាំរបស់រដ្ឋាភិបាលកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ប្រមុខខុទ្ទកាល័យបានថ្លែងអំណរគុណចំពោះ​សកម្មភាពដ៏សកម្មរបស់ប្រព័ន្ធនយោបាយ ដែលសកម្មភាពខ្លាំងក្លា និងមានប្រសិទ្ធភាព ហើយឈរលើស្មារតីនៃ «ការប្រយុទ្ធប្រឆាំងនឹង​ជំងឺនេះប្រៀបបាននឹងខ្មាំងសត្រូវ» និងកិច្ចខិតខំប្រឹងប្រែងបង្ការ និងគ្រប់គ្រងការរីករាលដាលជំងឺ COVID-19 ប្រកបដោយលទ្ធផលផ្លែ​ផ្កា។

លោកបានលើកឡើងម្តងទៀតនូវទស្សនៈឥតឈប់ឈររបស់រដ្ឋាភិបាល ក្នុងការត្រៀមខ្លួនលះបង់ផលប្រយោជន៍សេដ្ឋកិច្ច ដើម្បីការពារសុខភាពប្រជាជន និងភ្ញៀវទេសចរដែលបានទៅកាន់ប្រទេសវៀតណាម។

យោងតាមលោកនាយករដ្ឋមន្រ្តីបានឱ្យដឹងថា ប្រទេសវៀតណាមបានរក្សាភាពស្ងប់ស្ងៀម និងវាងវៃ ក្នុងការវាយតម្លៃអំពីបញ្ហា ហើយបានត្រៀមឆ្លើយតបគ្រប់កាលៈទេសៈ។

ដោយថ្លែងការអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដែលបានធ្វើឱ្យការរីករាលដាលនៃជំងឺ COVID-19 នៅក្នុងប្រទេស​វៀតណាមត្រូវបានបង្រួមជាអប្បបរមា បើទោះបីជាប្រទេសនេះមានព្រំដែនជាប់ជាមួយប្រទេសចិនដែលជាកន្លែងចាប់ផ្តើមនៃការរីករាល​ដាលក៏ដោយ។ លោកនាយករដ្ឋមន្ត្រី Phuc  បានកត់សម្គាល់ថា រហូតមកដល់ពេលនេះ មានករណីឆ្លងតែ ១៦ករណីប៉ុណ្ណោះនៅក្នុង​ប្រទេសវៀតណាម ហើយពួកគេទាំងអស់បានជាសះស្បើយឡើងវិញអស់ហើយ។

លោកបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងដែលត្រូវបានធ្វើឡើងដោយផ្នែកផ្សេងៗ ជាពិសេសកងកម្លាំងយោធា ប៉ូលិស និងបុគ្គលិកសុខាភិបាល ព្រមទាំងនៅតាមមូលដ្ឋានទូទាំងប្រទេស។ លោកបាននិយាយបន្ថែមថា មនុស្សប្រមាណជិត ១០.០០០នាក់ បានឆ្លងកាត់ការដាក់ឱ្យនៅដាច់ដោយឡែកពីគ្នា នឹងទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន និងអង្គភាពយោធា។

លោកបានកត់សម្គាល់ថា ប្រទេសវៀតណាមមិនមានករណីឆ្លងថ្មីនៃមេរោគ SARS-CoV-2 ទៀតទេ ក្នុងរយៈពេល ១៨ថ្ងៃចុង​ក្រោយនេះ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)