សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសារលិខិតជូនពរសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន នៅក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១០៩នៃទិវាអន្តរជាតិនារី ៨មីនាឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា៖ស្រីផល 04,03,2020៖

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសារលិខិតជូនពរសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១០៩ នៃទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២០ ខាងមុខនេះ។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី ១០៩ នៃទិវាអន្តរជាតិនារី៨មីនាឆ្នាំ២០២០ខាងមុខនេះ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” សម្តេចនិងលោកជំទាវ សូមចូលរួមអបអរសាទ ជាមួយមនោសញ្ជេតនាសោមនស្ស រីករាយ និងប្រកបដោយសេចក្តីស្រឡាញ់រាប់អាន ដ៍ជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវកាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ សុខភាពល្អបរិបូណ៍ អាយុយឺនយូរ ដើម្បីដឹកនាំកាកបាទក្រហមកម្ពុជា ទទួលបានលទ្ធផលផ្លែផ្កាយ៉ាងធំធេង នឹងទទួលបានជោគជ័យបន្ថែមទៀត។
សម្ដេចគតិព្រឹទ្ធបណ្ឌិត ជាឧត្តមភរិយា ជាមាតាមនុស្សធម៌ ជាដូនមួយរូប ប្រកបដោយព្រហ្មវិហារធម៌ និងជាថ្នាក់ដឹកនាំមួយរូប ពោរពេញទៅដោយគុណធម៌។ គំរូវីរភាពដ៏ប្រពៃថ្លៃថ្លា ក្នុងការលើកកម្ពស់សីលធម៌ អរិយ្យធម៌ សេចក្តីថ្លៃថ្នូររបស់ស្ត្រីកម្ពុជា ហើយជំរុញឲ្យស្ត្រីមានសមត្ថភាពខ្ពស់ ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងចូលរួមធ្វើការសម្រេចចិត្ត លើគោលនយោយោបាយសង្គម រួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ប្រកបដោយបរិយាបន្ន វឌ្ឍនភាព និងវិបុលភាព។ ព្រមជាមួយនេះ សម្ដេចគតិព្រឹទ្ធបណ្ឌិត ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាជាអ្នកដឹកនាំ តំបន់អាស៊ីប៉ាស៊ីហ្វិកឆ្លើយតបជំងឺអេដស៍ និងជាឥស្សរជនឆ្នើមឆ្នើមថ្នាក់ជាតិ នូវសកម្មភាពរួមរបស់អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ព្រមទាំងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ។
សម្តេចនិងលោកជំទាវ សូមលើកហត្ថបួងសួងដល់វត្ថុសាកសិទ្ធទាំងឡាយលើលោក គុណព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា ទេវតាថែរក្សាទឹកដីនៅរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាប្រោះព្រំ នូវសព្ទសាធុការពរជ័យគ្រប់ប្រការ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមជួបប្រទះតែសេចក្ដីសុខចំរើន ជោគជ័យគ្រប់ភារកិច្ច និងមានសុភមង្គលក្នុងក្រុមគ្រួសារ ព្រមទាំងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។