ក្រសួងកិច្ចការនារីសហការជាមួយក្រសួងពាក់ព័ន្ធនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ដល់អ្នកលក់លើប្រព័ន្ធអនឡាញដែលបង្ហាញកេរ្តិ៍ភេទ

វិទ្យុជាតិដោយ:លោកស្រី ទុយ សូលីដា ០៤.០៣.២០២០៖

ក្រសួងកិច្ចការនារីសហការជាមួយក្រសួងពាក់ព័ន្ធនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ដល់អ្នកលក់ផលិតផលលើប្រព័ន្ធអនឡាញ ដែលស្លៀកពាក់អាសអាភាស និងបង្ហាញកេរ្តិ៍ភេទ ដើម្បីការពារកុំឲ្យប៉ៈពាល់ដល់សេចក្តីថ្លៃថ្នូររបស់តម្លៃស្រ្តីខ្មែរ។

លោកស្រី សរ ស៊ីណែត អគ្គនាយការរង នៃគ្គនាយកដ្ឋានការពារផ្លូវច្បាប់ក្រសួងកិច្ចការនារី បានមានប្រសាសន៍នៅក្នុងកម្មវិធីជីវិតយើងសង្គមយើងថា ក្រសួងកិច្ចការនារីនិងសហការជាមួយក្រសួងពាក់ព័ន្ធមុននិងចាត់វិធានការ ទៅតាមផ្លូវច្បាប់ដល់អ្នកលក់ផលិតផលលើប្រព័ន្ធអនឡាញនេះ ក្រោយពេលដែលក្រសួងកិច្ចការនារី និងក្រសួងពាក់ព័ន្ធបានធ្វើការអប់រំ ណែនាំ ធ្វើកិច្ចសន្យា១ដង ទៅ២ដង មុននឹងឈានដល់ចាត់វិធានការតាមផ្លូវច្បាប់ ។ លោកស្រីបន្តថា ចំណាត់ការនេះ គឺធ្វើទៅលើតែអ្នកលក់ផលិតផលអនឡាញណា ដែលបង្ហាញនូវភាពសិចស៊ី និងបង្ហាញរូបភាពអាក្រាត ចេញកេរ្តិ៍ខ្មាស់ នៅពេលលក់ជាសាធារណៈតែប៉ុណ្ណោះ ។
លោកស្រីបានអោយដឹងទៀតថា មនុស្សគ្រប់រូបមានសិទ្ធិ តែសូមកុំប្រើសិទ្ធិអោយហួសព្រំដែន ដែលធ្វើអោយប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ដល់ប្រពៃណីទំនៀមទំលាប់ខ្មែរ ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងតំលៃរបស់ស្ត្រីខ្មែរទៀតផង ។
កន្លងមកគឺយើងថាផ្ទុះនូវសកម្មភាពខ្លាំងទាក់ទងនិងអ្នកលក់ផលិតផលនៅតាមប្រព័ន្ធអនឡាញ ដោយសារតែអ្នកលក់នឹងគាត់បញ្ចេញនូវភាពស៊ិចស៊ីរបស់គាត់ខ្លាំង យើងដឹងហើយនៅក្នុងរដ្ឋធម្មនុញ្ញគឺថាមនុស្សមានសិទ្ធិ ប៉ុន្តែសិទ្ធិរបស់យើង កុំធ្វើឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈក៏ដូចជាប្រពៃណីសង្គមនិងវប្បធម៌ជាតិរបស់យើងអញ្ចឹងអ្វីដែលសំខាន់ យើងត្រូវដឹងថា នៅពេលដែលយើងធ្វើទៅវាហួសព្រំដែនគឺនៅមានច្បាប់ សម្រាប់ចង អាហួសព្រំដែននិង កន្លែងយើងចង់លើកទឹកចិត្ត ឱ្យបងប្អូនរបស់យើង ដូចជាអ្នកលក់ផលិតផលតាមអនឡាញថា ការលក់ការលក់គឺជាសិទ្ធិក្នុងការប្រកបមុខរបរក្នុងការចិញ្ចឹមជីវិតយើងទាំងអស់គ្នា ប៉ុន្តែពេលដែលយើងលក់នៅក្នុងកម្រិតបែបណាដែលយើងអាចទាក់ទាញភ្ញៀវបាន ដោយមិនចាំបាច់បញ្ចេញនូវកេរភេទ ជារូបភាពនៅតាមទីសាធារណៈ ដែលប៉ះពាល់ដល់នីតិវិធីច្បាប់របស់យើង។
លោកស្រីបន្ថែមថា វិធានការនេះ បាននិងកំពុងទទួលបានការអបអរសាទរ ពីសំណាក់មហាជន ដើម្បីទប់ស្កាត់សកម្មភាពផ្សព្វផ្សាយ និងចែកចាយរូបភាពអាសអាភាស តាមបណ្ដាញសង្គមក្នុងចំណោមអ្នកប្រើប្រាស់ប្រព័ន្ធអនឡាញ ដែលភាគច្រើនជាក្រុមមនុស្សវ័យក្មេង សំដៅការពារសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស ជាពិសេសស្ដ្រី បង្កើនសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងរក្សាការពារ លើកកម្ពស់ទំនៀមទម្លាប់ ប្រពៃណីដ៏ល្អរបស់ជាតិ ។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងលើកទិសដៅបន្ដ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រី កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ច អប់រំដល់អ្នកលក់ផលិតផលតាមអនឡាញ ដែលប្រើប្រាស់រូបភាពអាសអាភាស ឬអាក្រាតកាយ មុននឹងឈានទៅចាត់វិធានការជាក់លាក់ណាមួយ ៕