ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់អ្នកនិពន្ធទាំងអស់ឲ្យបញ្ឈប់ជាបន្ទាន់ ការយកស្នាដៃចម្រៀង និងការតែងនិពន្ធផ្សេងៗ មកផលិតឡើងវិញ ដោយគ្មានការអនុញ្ញាត

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា ០៤.៣.២០២០៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់អ្នកនិពន្ធទាំងអស់ ឲ្យបញ្ឈប់ជាបន្ទាន់ ការយកស្នាដៃចម្រៀង និងការតែងនិពន្ធផ្សេងៗ មកផលិតឡើងវិញ ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ ឬពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពស់ខ្ពស់ក្នុងពិធីប្រាព្ធទិវាវប្បធម៌ជាតិ៣មីនា ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ កាលពីល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ជំរុញឲ្យក្រសួងវប្បធម៌ ត្រូវរួមគ្នាបន្តការងារអភិរក្ស បេតិកភណ្ឌវប្បធម៌អរូបី ទាំងឡាយរបស់ជាតិ ដែលបានបាត់បង់ និងត្រូវយកចិត្តទុកដាក់ ស្វែងរកមរតកមនុស្សរស់បន្ថែមទៀត ដែលជាឃ្លាំង ចំណេះដឹងក្នុងការបន្តវេន ទៅយុវជនជំនាន់ក្រោយ។សម្តេចតេជោ ក៏បានជំរុញឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងឤជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ត្រូវបន្តយក ចិត្តទុកដាក់ថែរក្សាការពារ និងបង្ក្រាបរាល់ បទល្មើសឱ្យបានទាន់ ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
«ខ្ញុំសូមអំពាវវនាវដល់ជនរួមជាតិទាំងអស់ ជាពិសេសបងប្អូនកូនក្មួយសិល្បករ-សិល្បការិនី របស់យើង សូមមេត្តារក្សាតម្លៃនៃសិល្បៈវប្បធម៌របស់ជាតិរបស់យើងដោយខិតខំធ្វើយ៉ាងណារក្សានូវរបៀបរបបទម្រង់របស់យើង។ ខ្ញុំនៅតែនិយាយដដែលថា គ្មានការឈ្លានពានខាងវប្បធម៌ទេមានតែការទទួលដោយស្ម័គ្រចិត្តតែប៉ុណ្ណោះ គឺជារឿងពិតប្រសិនបើយើងគ្មានប្រទេសណាមួយអាចមកឈ្លានពានវប្បធម៌យើងបានទេ មានតែយើងទទួលដោយស្ម័គ្រចិត្តតែប៉ុណ្ណោះ។ ចឹងបានជាកន្លងទៅមានចម្រៀងខ្លះមានអាយុរាប់សិបឆ្នាំជាប់ចូលរយឆ្នាំនៅតែរក្សាបានរហូតដល់ពេលនេះ មានសេចក្តីថាអ្នកនិពន្ធស្លាប់ទៅគឺបន្សល់ទុកនៅចម្រៀងនេះដល់ពេលនេះ។ ប៉ុន្តែឥឡូវនេះអ្នកចម្រៀងអ្នកនិពន្ធមិនទាន់ស្លាប់តែចម្រៀងនេះបានស្លាប់មុនអ្នកនិពន្ធ ទៅហើយ ។ អញ្ចឹងទេតើមានរឿងអ្វីកើតឡើង? ខ្ញុំពិតមានការរីករាយ ហើយពង្រឹងនូវទិវាវប្បធម៌នេះ ហើយទិវា វប្បធម៌នេះខ្ញុំសូមស្នើថាមិនមែនត្រឹមធ្វើតែថ្ងៃទី ៣មីនានោះទេប៉ុន្តែធ្វើជារៀងរាល់ថ្ងៃ ពេញរយៈពេល ៣៦៥ថ្ងៃ។ ក៏សូមស្នើផងដែរ យើងទទួលស្គាល់ភាពយន្តរបស់យើងកំពុងតែមានការវិវឌ្ឍយ៉ាងលឿនតាមរយៈដែលក្រសួងព័ត៌មានកំណត់អំពីម៉ោងមាស មុនម៉ោង 9:00 យប់គឺត្រូវចាក់ភាពយន្តខ្មែរ ដូច្នេះហើយភាពយន្តខ្មែរនៅពេលនេះគឺគ្រប់ស្ថានីយទូរទស្សន៍ទាំងអស់ត្រូវខិតខំផលិតទីផ្សារភាពយន្តកម្ពុជាបច្ចុប្បន្ននេះកំពុងមានការរីកលូតលាស់ខ្លាំង ។ ដូច្នេះសង្ឃឹមថាអ្នកនិពន្ធអ្នកដឹកនាំរឿងនិងធ្វើបន្តការខិតខំនិពន្ធដឹកនាំរឿងដោយមិនចម្លងតាមគេ ហើយមិនបង្កើតទម្រង់ខ្សែភាពយន្តណាអាសអាភាសនោះទេ»