សម្តេចពញាចក្រី ហេង សំរិន ៖ សន្តិភាពនិងការអភិវឌ្ឍបានការចូលរួមចំណែកពីស្រ្តី

វិទ្យុជាតិកម្ពុជា, វ៉ាង ភក្តី ០៤ ០៣ ២០២០  ៖

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា លើកឡើងថា សន្តិភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន បានការចូលរួមចំណែកយ៉ាងសកម្មពីស្រ្តីគ្រប់ស្រទាប់វណ្ណៈ។
ថ្លែងក្នុងឱកាសទទួលជួបគណៈប្រតិភូស្រ្តី មកពីស្ថាប័នសាធារណៈ វិស័យឯកជន និងសង្គមស៊ីវិល នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ដើម្បីអបអរសាទរខួបទី១០៩ ទិវាអន្តរជាតិនារី ៨ មីនា សម្តេចពញាចក្រី ហេង សំរិន បានបញ្ជាក់ថា សន្តិភាពបានផ្តល់ឱកាសល្អឲ្យបុរស ស្ត្រី កូនប្រុស ស្រី រស់នៅជួបជុំក្រុមគ្រួសារ បានសិក្សារៀនសូត្រខ្ពង់ខ្ពស់ មានចំណេះដឹង ជំនាញបច្ចេកទេស និងមុខរបរ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារខ្លួន រួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែមានភាពរីកចម្រើនរុងរឿង និងប្រជាជនរស់នៅប្រកបដោយវិបុលភាព និងសុខុដុមរមនា។
សម្តេចពញាចក្រី បានអះអាងថា រដ្ឋសភាដែលជាស្ថាប័ននីតិប្បញ្ញត្តិ និងជាដៃគូ ដ៏សំខាន់របស់ស្ថាប័ននីតិប្រតិបត្ដិ បានយកចិត្ដទុកដាក់ខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួនដូចជា ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ផ្តល់សច្ចាប័នលើអនុសញ្ញា កតិកាសញ្ញា និងពិធីសារអន្តរជាតិពាក់ព័ន្ធ ដែលជាលិខិតបទដ្ឋានគតិយុត្ត សម្រាប់ជាមធ្យោបាយឆ្ពោះទៅរកសមភាពយេនឌ័រ និងកិច្ចការពារសិទិ្ធ ក៏ដូចជាផលប្រយោជន៍របស់ស្រ្តីឲ្យមានប្រសិទ្ធភាពបំផុត។ សម្តេចបានលើកទឹកចិត្តដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍជាតិ អន្តរជាតិទាំងអស់ បន្តចូលរួមចំណែកគាំទ្រការលើកកម្ពស់ស្ថានភាពជីវភាព សិទ្ធិ ឋានៈ តួនាទី សុខុមាលភាពរបស់ស្ត្រីនិងក្មេងស្រី និងការផ្តល់សេវាជួយជនរងគ្រោះដោយអំពើហិង្សា ប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ជាមួយគ្នា បន្តពង្រឹងសមត្ថភាពនៅគ្រប់តំបន់ ពិសេសតំបន់ដាច់ស្រយាល តាមរយៈការពង្រីកផ្សព្វផ្សាយវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ បច្ចេកទេសជំនាញខ្លីៗ ក្នុងគោលដៅធានានូវកំណើនជីវភាពរស់នៅ ការប្រកបមុខរបបចិញ្ចឹមជីវិតប្រចាំថ្ងៃ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងបានស្នើឲ្យបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាពស្រ្តី និងក្មេងស្រីសម្រាប់បន្តវេន្ត ដោយយកចិត្តទុកដាក់ក្នុងការអប់រំក្មេងស្រីតាំងពីមតេយ្យសិក្សា ការលើកទឹកចិត្តក្មេងស្រីកុំឲ្យលះបង់ការសិក្សានៅគ្រប់កម្រិត និងការទប់ស្កាត់មិនឲ្យមានអំពើហឹង្សា ការរើសអើង ព្រមទាំងពង្រីកសេវាគាំទ្រដល់ក្មេងស្រីនៅក្នុងសាលា និងអនុវត្តឲ្យសកម្មផុលផុស នៃយុទ្ធនាការដើម្បីប្រយុទ្ធប្រឆាំង និងបង្ក្រាបអំពើចោរកម្ម ឃាតកម្ម ការប្លន់ប្រដាប់ឤវុធ ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស អំពើហិង្សាគ្រប់រូបភាពលើស្ត្រី និងកុមារ។
បើតាមការឲ្យដឹងរបស់លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានបង្កកាលានុវត្តភាពដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសស្រ្តី និងក្មេងឲ្យទទួលបានឱកាសនិងអត្ថប្រយោជន៍ស្មើគ្នា ដូចបុរស និងក្មេងប្រុស ជំរុញសង្គមគ្រួសារឲ្យផ្តល់ការវិនិយោគដោយស្មើភាពលើកការអប់រំ ឲ្យកូនប្រុស កូនស្រី រៀនសូត្របានកម្រិតខ្ពស់ មានជំនាញបច្ចេកទេស និងមុខរបរ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារខ្លួន ក៏ដូចជាទទួលបាននូវភាពរីកចម្រើនផ្នែកសុខភាព។ លោកជំទាវរដ្ឋមន្រ្តី បានអះអាងថា វិសមភាពយេនឌ័រនៅកម្ពុជាមានការរីកចម្រើននៅគ្រប់វិស័យទំាងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច។ វិស័យសាធារណៈ និងនយោបាយ ចំនួនស្រ្តីក្នុងតួនាទីធ្វើការសម្រេចចិត្តមានការកើនឡើងជាបន្តបន្ទាប់ ទំាងបរិមាណនិងគុណភាព នៅតាមមុខតំណែង និងឋានន្តរស័ក្តិ ពីមួយអាណត្តិទៅមួយអាណត្តិ៕
លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានធ្វើរបាយការណ៍ជូនអង្គពិធីពីលទ្ធផលការងាររបស់ក្រសួងកិច្ចការនារី។ លោកជំទាវបានបញ្ជាក់ថា ភាពរីកចម្រើន ទាក់ទងទៅនឹងសមភាពយេនឌ័រ ទទួលបានលទ្ធផលជាវិជ្ជមានច្រើនវិស័យ ធ្វើឲ្យមានការផ្លាស់ប្តូរជាបណ្តើរៗនូវផ្នត់គំនិត និងទស្សនៈរបស់សង្គម។ រាជរដ្ឋាភិបាលបានបង្កកាលានុវត្តភាពដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសស្រ្តី និងក្មេងឲ្យទទួលបានឱកាសនិងអត្ថប្រយោជន៍ស្មើគ្នា ដូចបុរស និងក្មេងប្រុស ជំរុញសង្គមគ្រួសារឲ្យផ្តល់ការវិនិយោគដោយស្មើភាពលើកការអប់រំ ឲ្យកូនប្រុស កូនស្រី រៀនសូត្របានកម្រិតខ្ពស់ មានជំនាញបច្ចេកទេស និងមុខរបរ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារខ្លួនក៏ដូចជាទទួលបាននូវភាពរីកចម្រើនផ្នែកសុខភាព។
លោកជំទាវរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា វិសមភាពយេនឌ័រនៅកម្ពុជាមានការរីកចម្រើននៅគ្រប់វិស័យ ទំាងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច។ វិស័យសាធារណៈនិងនយោបាយ ចំនួនស្រ្តីក្នុងតួនាទីធ្វើការសម្រេចចិត្តមានការកើនឡើងជាបន្តបន្ទាប់ ទំាងបរិមាណនិងគុណភាព នៅតាមមុខតំណែង និងឋានន្តរស័ក្តិ ពីមួយអាណត្តិទៅមួយអាណត្តិ។

បើតាមរដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅក្នុងមុខងារសាធារណៈចំនួនស្រ្តីមានការកើនឡើងពី៣២ភាគរយនៅឆ្នាំ២០០៧ ដល់៤១ភាគរយនៅឆ្នាំ២០១៩។ ចំនួនស្រ្តី ដែលមានមុខតំណែងចាប់ពីថ្នាក់ការិយាល័យតាមក្រុង ស្រុក ខណ្ឌ រហូតអគ្គនាយក និងថ្នាក់ស្មើមានចំនួន២៥ភាគរយ ស្រ្តីជាអភិបាលខេត្តមានចំនួន១ ស្រ្តីជាអភិបាលរងខេត្ត រងរាជធានី មានចំនួន២៦រូប ស្រ្តីជាអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួន៦រូប ស្រ្តីជាអភិបាលរងក្រុង ស្រុក ខណ្ឌ មានចំនួន១៩៤រូប។ នៅក្នុងឆ្នាំ២០១៩ មន្រ្តីការទូតជាស្រ្តីទៅបំពេញការងារ ជាឯកអគ្គរាជទូតមានចំនួន៤រូប និងស្រ្តីជាទីប្រឹក្សា លេខាធិការ និងគណនេយ្យករអមស្ថានទូត និងស្ថានកុងស៊ុលប្រចំាប្រទេស មានចំនួន៥៥រូប។
ចំពោះវិស័យសេដ្ឋកិច្ចវិញ អត្រាស្រ្តីចូលរួមក្នុងកម្លំាងពលកម្មកម្រិតខ្ពស់មានដល់៧៩ភាគរយ នៅក្នុងឆ្នាំ២០១៧។ សហគ្រិនភាពស្រ្តី មានការកើនឡើងហើយ៦៥ភាគរយ នៃសហគ្រាសខ្នាតតូច និងមធ្យម ដែលបានចុះបញ្ជី គឺមានស្រ្តីជាអ្នកគ្រប់គ្រងឬម្ចាស់សហគ្រាស៕